ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានសម្រេចឈូសឆាយ តូបលក់ដូរបន្លែ ត្រី សាច់ នៅខាងក្រៅជុំវិញផ្សារដើមគរ និងតាមបណ្តោយផ្លូវលេខ២៣៥ និងផ្លូវលេខ៣៣៦ កាលពីរសៀលថ្ងៃទី២២ មេសា ក្រោយរកឃើញអាជីវករជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩ ។
ទាក់ទិននឹងការឈូសឆាយរុះរើតូបលក់ដូរខាងលើនេះ ត្រូវបានអាជ្ញាធរ បានឲ្យដឹងថា ការឈូសឆាយរុះរើនេះ គឺធ្វើឡើងដោយសារតែមានមេរោគ ហើយក៏ធ្វើការឈូសឆាយឱ្យស្រឡះ បន្ទាប់ពីរកឃើញអាជីវករ ជាច្រើននាក់វិជ្ជមានកូវីដ១៩ ។
ទោះបីជាយ៉ាងណា លោកប្រធានផ្សារ ក៏ដូចជាអាជ្ញាធរ មិនបានឱ្យដឹងពីគោលការណ៍ របស់សាលារាជធានីភ្នំពេញថាតើ ទីតាំងលក់ដូរ ខាងលើ ត្រូវបានអនុញ្ញាតឱ្យបន្តលក់ដូរឡើងវិញ ឬយ៉ាងណានោះទេ នៅពេលដែល ស្ថានភាពជំងឺកូវីដបានធូរស្រាល ។
តាមប្រភពព័ត៌មានបាន ឱ្យដឹងថា រយៈពេល ២ថ្ងៃហើយ គឺតាំងពីថ្ងៃទី២១ មេសា អាជ្ញាធរបានប្រើកម្លាំងសន្តិសុខ និងសណ្តាប់ធ្នាប់ខណ្ឌ ចុះធ្វើការរុះរើទីតាំងលក់ដូរខាងលើ រហូតមកដល់រសៀលថ្ងៃទី២២ មេសា នេះ ក៏បានប្រើគ្រឿងចក្រ ចំនួន២គ្រឿងចុះឈូសឆាយរុះរើចោលតែម្តង ។
គួរបញ្ជាក់ថា ទីតាំងលក់ដូរខាងលើ ត្រូវបានបងប្អូនអាជីវករដាក់គ្រែ និងធ្វើតូប ចំណែកខ្លះទៀតដាក់ឆ័ត្រ ដើម្បីលក់ដូរបន្លែ ត្រី សាច់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ៕