ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានករណីរកឃើញបុគ្គលិកធ្វើការនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ឆ្លងជំងឺកូវីដ១៩ និងមានអ្នកកើតកូវីដ១៩ម្នាក់ទៀត បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងនេះផងដែរ ។
ទាក់ទិនបញ្ហានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅពេទ្យលោកសង្ឃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីតាំងខាងលើនេះ ។
ទន្ទឹមគ្នានោះប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ ។
ចំពោះទីតាំងធ្វើតេស្តរកកូវីដ១៩ មាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) ៕