ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ដែលបានក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយល្មេីសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីការឃុំខ្លួន នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ពីបទ រារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រេីប្រាស់ដោយគ្មានសិទ្ធនូវយានយន្ត សំគាល់ប្រើប្រាស់ដោយនគរបាល។
សូមបញ្ជាក់ថាបុរសម្នាក់ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តមួយគ្រឿងបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វេីការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃេីញបុរសរូបនេះបេីករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕