ព្រហើនមែន! បើកបុកប៉ូលិស ពេលកំពុងអនុវត្តវិធានការបិទខ្ទប់ បណ្ដាលអោយរបួសធ្ងន់

0

ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ បាន ម៉េងហួ អាយុ១៩ឆ្នាំ ដែលបានបេីករថយន្តបុក សមត្ថកិច្ចដែលកំពុងតែអនុវត្តវិធានការបិទខ្ទប់ នៅគោលដៅច្បារអំពៅ បណ្តាលឲ្យបាក់ជេីង ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅតុលាការនៅរសៀល ថ្ងៃទី១៨នេះ។

ករណីហិង្សាដោយចេតនា (បើករថយន្តបុកបណ្តាលឲ្យ បាក់ឆ្អឹងស្មងជើង-ប្រេះឆ្អឹងប្រអប់ជើងស្តាំ) និង ល្មើសសេចក្តីសម្រេច វិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ កែងផ្លូវ៣៦៣ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះឯក សារ៉ន ភេទ ប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ១៧០ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ បាន ម៉េងហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រថយន្ត ស្នាក់នៅផ្ទះ៧៨២ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ហេតុការណ៍ មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ ស.ស.រ ស្តីពីការ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបើករថយន្តម៉ាក Hyandia ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២H-៤៤០៣ មកដល់ចំណុចកើតហេតុ ពេលនោះជនរងគ្រោះ ជាអធិការរង បានឃាត់សួរនាំ រកលិខិតអនុញ្ញាតចេញចូលឃើញថា ពុំមានឯកសារអ្វីទាំងអស់ ក៏ឲ្យជនសង្ស័យ បើករថយន្តត្រលប់ទៅក្រោយវិញ តែជនសង្ស័យមិនព្រមស្តាប់ នៅតែបើករថយន្តរុលទៅមុខបុក ជនរងគ្រោះឲ្យដួល កិនជើងជនរងគ្រោះបណ្តាលបាក់ឆ្អឹងស្មងជើង និង ប្រេះប្រអប់ជើងស្តាំ រួចជនសង្ស័យបើករថយន្តគេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនិងរថយន្តម៉ាកខាងលើ បញ្ជូនមកអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅដេីម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ៕