ថ្លើមធំណាស់! បុរសម្នាក់លួចរត់ពន្ធមនុស្ស ពីភ្នំពេញទៅខេត្តស្វាយរៀង ខុសពីអនុសាសន៍ នាយករដ្ឋមន្រ្តី

0

ភ្នំពេញ៖ កម្លាំងនគរបាលប្រចាំនៅគោលដៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចរត់ពន្ធមនុស្ស ឆ្លងពីរាជធានីភ្នំពេញ ដែលជាតំបន់បិទខ្ទប់ទៅកាន់ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ ជនសង្ស័យដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មានម្នាក់ នៅស្រុករំដួលបានស្នើសុំ សមត្ថកិច្ចយាមគោលដៅ ក្រោលគោ ស្រុកស្វាយជ្រំព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ (មានឯកសារគ្រប់គ្រាន់)។

របាយការណ៍បាន បញ្ជាក់ទៀតថា ប៉ុន្តែពេលទៅដល់ភ្នំពេញ ជនសង្ស័យបានទៅលួចនាំយកពលករដែលទើបមកពីកូរ៉េ ២នាក់ (ចត្តាឡីស័ក១៤ថ្ងៃរួច) មកស្រុកកំណើត (ម្នាក់នៅស្វាយទាប ម្នាក់នៅរមាសហែក) ដោយយកតម្លៃម្នាក់១០០ដុល្លារ និងម្នាក់ទៀត២៥០ដុល្លារ។

បើតាមសមត្ថកិច្ចបានបន្ថែមទៀតថានៅពេលមកដល់គោលដៅក្រោលគោស្រុកស្វាយជ្រំនៅវេលាម៉ោង១រសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ សមត្ថកិច្ចក៏បានធ្វើការសួរនាំ និងឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោសតាមច្បាប់៕