ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះ បុរសម្នាក់ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសម្នាក់នោះ បានប្រមូលផ្ដុំផឹកស៊ីល្មើស ទៅនឹងវិធានការពារការឆ្លងរាលដាល នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថ មកលើសមត្ថកិច្ច។
បទបញ្ជារបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមសមត្ថកិច្ចនគរបាល ស្រុកកំពង់សៀម បានឱ្យដឹងថា នៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យ មានការប្រមូលម្តុំ ជួបជុំផឹកស៊ី ដើម្បីការពារការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត ឃុំរំចេក រហូតមកដល់ចំណុចភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លុះវេលាម៉ោង១០៖៣០នាទី សមត្ថកិច្ច បានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុ បានដើរចេញពីកន្លែងផឹកស៊ី ហើយស្រែកជេរលើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ថា «ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឱ្យល្អតិចមើល ដោយក្នុងស្ថានភាពស្រវឹង» ឃើញដូច្នេះ កម្លាំងសមត្ថកិច្ច បាននិយាយណែនាំ ឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះចូលដេកតែឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស ពុំស្តាប់ឡើយ។
ពេលនោះអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយើងបានយកឈ្មោះ យន់ ស៊ាងហ៊ី មកអប់រំណែនាំនូវសេចក្តី សម្រេចលេខ៤៩ ស.ស.រ របស់រារដ្ឋាភិបាល និងធ្វើកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក រួចកម្លាំងសមត្ថកិច្ច បានឱ្យឈ្មោះ យន់ ស៊ាងហ៊ី ត្រឡប់ទៅផ្ទះវិញ។
ប៉ុន្តែពេលដើរចេញ ដល់ចំណុចផ្លូវមុខប៉ុស្តិ៍ ស្រាប់តែឈ្មោះ យន់ ស៊ាងហ៊ី នេះ នៅតែបន្តស្រែកជេរប្រមាថមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតថា «ពួកអាឆ្កែ អាប៉ូលិសឡប់ៗ អាមេឃុំអាចម៍ៗ» បន្ទាប់មក ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់នោះ តាមបទបញ្ជារបស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ហើយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធី ចាត់ការទៅតាមផ្លូវច្បាប់៕