បែកការ ព្រោះលុយ ៥ពាន់រៀល! ចាប់ខ្លួនមនុស្ស៣នាក់ រកឃើញកាំភ្លើង៤ដើម រួមថ្នាំញៀនមួយចំនួន

0

ខេត្តកណ្ដាល៖ បន្ទាប់ពីកម្លាំងនគរបាលស្រុកអង្គស្នួលទទួលព័ត៌មានថា មានក្រុមជនសង្ស័យប្រើប្រាស់ អាវុធខុសច្បាប់ រួចមក ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ដឹកនាំដោយលោក វរសេនីយ៍ឯក មាន សំណាង អធិការ នគរបាលស្រុក អង្គស្នួល ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវ ទីតាំងក្រុមជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនស្ត្រី សង្ស័យម្នាក់ រួមជាមួយអាវុធ៣ដើម និងអាវុធកែច្នៃ១ដើម ព្រមទាំងថ្នាំញៀនមួយចំនួន យកមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីធ្វើការសួរនាំ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩និង១៥នាទីព្រឹក នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ពែល មី នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ក្រុមជនសង្ស័យ៖

ទី១-ឈ្មោះ ពែល មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ ជាមេខ្លោងកាន់កាប់អាវុធម៉ាក Ak ស្វាយបត់ចំហៀង១ដេីម លេខ1744 ផលិតឆ្នាំ១៩៦៧ មានបង់ចំនួន១ និងគ្រាប់ចំនួន២៧គ្រាប់(គេចខ្លួន) ។

ទី២-ឈ្មោះ ធីម ឌឿន (ហៅពែក)ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ ជាមេខ្លោង កាន់កាប់អាវុធម៉ាកAK គ្មានលេខ មានបង់១ គ្រាប់ចំនួន៣០គ្រាប់ និងអាវុធខ្លីម៉ាកប្រាស់ហាចំនួន១ដេីម លេខZ518368 បង់ចំនួន១ គ្រាប់៦គ្រាប់ និងស្រោមកាំភ្លើងខ្លីចំនួន១(គេចខ្លួន) ។ ឈ្មោះ ធីម ឌឿន ហៅពែក មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន៥ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ទី៣-ឈ្មោះ សល់ រស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សាឡយ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ។

ដោយឡែកវត្ថុតាងដកហូតបានមាន៖ ១-អាវុធម៉ាក AK ០១ដេីម ស្វាយបត់ចំហៀង១ដេីម លេខ1744 ផលិតឆ្នាំ១៩៦៧ (បង់១ គ្រាប់២៧គ្រាប់) , ២-អាវុធម៉ាកAK កាត់ស្វាយ១ដេីម(គ្មានស្វាយ) គ្មានលេខ បង់១ គ្រាប់៣០គ្រាប់ , ៣-អាវុធខ្លីម៉ាក ប្រាហាចំនួន១ដេីម លេខZ518368 បង់ចំនួន១ គ្រាប់៦គ្រាប់ និង ស្រោមកាំភ្លើងចំនួន១, ៤-អាវុធច្នៃប្រើខ្យសល់បាញ់គ្រាប់ កង់ចំនួន៣ដេីម, ៥-ដាវ១ដើម, ពូថៅដៃដងឈើ១, កាំបិតប៉័ងតោ១ និងកន្ត្រៃ១, ៦-ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ , ថ្នាំញៀនWY២គ្រាប់ និងឧបករណ៍ ប្រេីប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលេី បានទទួលព័ត៌មានថាមានឈ្មោះ សល់ រស្មី បានយកកាំភ្លើងកែច្នៃ (ប្រេីខ្យល់ដាក់ហ្គាស់បាញ់គ្រាប់កង់) គំរាមបាញ់សម្លាប់ ស្រ្តីម្នាក់ជាសាច់ញាតិ ដើម្បីសុំលុយ៥០០០រៀល ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះទៅកន្លែងកេីតហេតុ ដេីម្បីពិនិត្យ និងស្រាវជ្រាវ តែមុនពេលទៅដល់ ជនសង្ស័យបានរត់គេចខ្លួន បាត់ បន្សល់ទុកអាវុធកែច្នៃ១ដេីម លាក់ទុកក្នុងផ្ទះ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានបន្តការស្រាវជ្រាវ និងតាមរកជនសង្ស័យ ហេីយបានឃេីញជនសង្ស័យទាំង៣នាក់ កំពុងពួនសំងំនៅផ្ទះឈ្មោះ ពែល មី ប៉ុន្តែជនសង្ស័យទាំង៣នាក់នោះបានរត់គេចខ្លួនចូលព្រៃខាងកេីតផ្ទះអស់បាត់ទៅ ។ ពេលនោះកម្លាំងសមត្ថកិច្ច បានប្រទះឃេីញអាវុធ AK ស្វាយបត់១ដេីម លាក់ទុកក្នុងសំបុកមាន់ និងឧបករណ៍ ប្រេីប្រាស់ថ្នាំញៀន វេចខ្ចប់មួយចំនួន។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលដោយលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក លោកមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល លោកមេភូមិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាឡយ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ពែល មី និង ធ្វេីការឆែកឆេរផ្ទះជនសង្ស័យ រកឃេីញអាវុធAKស្វាយបត់១ដេីមទៀត អាវុធខ្លី១ដើម ម៉ាកប្រាហា និងដាវ១ដើម និងពូថៅដៃដងឈើចំនួន១ និងកាំបិតប៉័ងតោ១ និងអាវុធច្នៃ ២ដេីម (កាំភ្លើងខ្យល់) និងឃើញថ្នាំញៀនមួយកញ្ចប់ធំ ។

នៅចំពោះ សមត្ថកិច្ចស្រ្តីឈ្មោះ សាឡយ វិច្ឆិកា សារភាពថា ខ្លួនជាអ្នកលក់ថ្នាំញៀន ចំណែកអាវុធខាងលេីនេះ ត្រូវបានឈ្មោះ ពែល មី យកមកលាក់ទុកក្នុងផ្ទះខ្លួន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៥ព្រឹក។

ចំពោះវត្ថុតាងត្រូវបាននាំយក មកកាន់អធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងតាមនីតិវិធី៕