ភ្នំពេញ៖ នាយនគរបាលផ្កាយពីរម្នាក់ ដែលល្មើសវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល ហើយបន្ដផឹកស៉ីច្រៀងលេងសប្បាយដែលត្រូវបានចាប់ខ្លួននោះ ត្រូវបានដកស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។
ក្រៅពីការដកស័ក្ដិហើយនោះ នាយនគរបាលរូបនេះ និងបក្ខពួក២នាក់ផ្សេងទៀត ក៏ត្រូវបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ព្រោះតែល្មើសវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមជំរាបថា កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់៕





