ភ្នំពេញ៖ បុរសម្នាក់ជិះរថយន្ដទំនើបពាក់ផ្លាកលេខនគរបាល និងឡាយវីដេអូនិយាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះត្រូវបានចាប់ខ្លួនហើយ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។
ការចាប់ខ្លួនបុគ្គលនេះ ធ្វើឡើងបន្ទាប់ពីបុគ្គលនេះ បានបើកឡានឡាយវីដេអូ និយាយអួតក្អេងក្អាងថា ខ្លួនជាឧត្តមសេនីយ៍ គ្មាននរណាហ៊ានចាប់នោះទេ ទោះបីខ្លួនគ្មានភារកិច្ច ក្នុងការធ្វើដំណើរចាំបាច់ ក្នុងពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ក៏ដោយ ។
សូមរំលឹកថា ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត។ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្តតែមួយ ដែលត្រូវបានបិទខ្ទប់៕
សូមចុចលីងខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖
https://web.facebook.com/watch/?v=5521869141187459



