ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ម្នាក់ជាអ្នកលក់នំ នៅផ្សារក្រោម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប មុខរបរ អ្នកលក់នំកូរ នៅផ្សារក្រោម ដែលករណីនេះ ជាករណីការឆ្លងរាលដាលក្នុងសហគមន៍ ក្នុងខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ច ពាក់ម៉ាសនិងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការ រដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូន ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយ អ្នកវិជ្ជមានខាងលើ ពិសេសអាជីវករផ្សារក្រោម និងអ្នកធ្លាប់ចេញចូល ផ្សារក្រោម សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មាន មកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការ ការពារ របស់រាជរដ្ឋាភិបាល និងការណែនាំ របស់ក្រសួងសុខាភិបាល។