ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះមន្ត្រីជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យបែកធ្លាយសំឡេង សម្តេចមានប្រសាសន៍ បញ្ជាក់ពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយនាំឱ្យប្រជាពលរដ្ឋចលាចលសម្រុកទៅទិញទំនិញ។
ក្នុងសារសំឡេងពិសេសមួយ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នា២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំឡេងដែលបានបែកធ្លាយទៅនោះ មិនទាន់គ្រប់ជ្រុងជ្រោយ និងធ្វើឱ្យប្រជាពលរដ្ឋ យល់ខុសពីបំណងដើម របស់សម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំសោកស្តាយជាទីបំផុត នៅពេលខ្ញុំបានដាក់ចេញបទបញ្ជា សម្រាប់ការៀបចំនេះ បែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះ បានធ្វើឱ្យប៉ះទង្គិច នូវអារម្មណ៍របស់បងប្អូន ប្រជាពលរដ្ឋ ខុសពីវត្ថុបំណងរបស់ខ្ញុំ របស់រាជរដ្ឋាភិបាល ដែលបិទខ្ទប់។ ប៉ុន្តែមានការផ្គត់ផ្គង់ រៀបចំត្រឹមត្រូវ មិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ។ សេវាកម្មទាំងប៉ុន្មានរាប់ទាំងសេវាកម្មប្រមូលសំរាមចេញពីផ្ទះ ចេញពីកន្លែងបងប្អូននៅតែអាចធ្វើបាន សូម្បីតែការហាត់ប្រាណ ក៏នៅតែអាចធ្វើបាន»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមសារភាព ដោយត្រង់ថា សកម្មភាពនោះនឹងត្រូវទទួលនូវវិន័យ នៅពេលក្រោយ នៅពេលដែលយើងរកឃើញ» ៕