ភ្នំពេញ ៖រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ខេត្តស្វាយរៀង ត្រូវបានក្រសួង កំណត់យកជាភូមិសាស្ត្រ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យ មានការអនុវត្តកាតព្វកិច្ច ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព។
តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ភូមិសាស្រ្តខេត្តស្វាយរៀង ត្រូវបានកំណត់យកជាភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍»។
លោក បន្ដថា ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុង ប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីសុខាភិបាល ក៏បានលើកឡើងថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព បុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
លោករដ្ឋមន្ដ្រី ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីធានាអនុវត្តឲ្យ បានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមសាធារណជនទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងករណីនេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព ក៏បានលើកឡើងថា ទណ្ឌកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
លោក បន្ថែមថា ជារួមគិតត្រឹមពេលនេះ រាជធានី-ខេត្ត ចំនួន៦ ហើយដែលត្រូវបានកំណត់ជាភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តស្វាយរៀង។
ជាមួយគ្នានេះ អ្នកនាំពាក្យ ក៏បានបញ្ជាក់ថា «បើទោះបីជា កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ពុំទាន់អនុវត្តទូទាំងប្រទេសក៏ដោយ សូមបងប្អូនមេត្តាចង់ចាំថា ការរក្សាសុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារ និងសុខភាពសង្គមជាតិយើង គឺជាកាតព្វកិច្ចដ៏មានសារៈសំខាន់បំផុត សម្រាប់យើងម្នាក់ៗ ក្នុងកាលៈទេសៈនៃការរាលដាលវីរ៉ុសកូវីដ-១៩ ក្នុងមាតុប្រទេសយើង!»៕