ភ្នំពេញ៖ គ្រោះធម្មជាតិពេលមេឃកំពុងភ្លៀងខ្លាំង រន្ទះបានបាញ់ចំស្ត្រីចំណាស់ម្នាក់ បណ្តាលឱ្យស្លាប់ក្នុងចម្ការ នៅតំបន់ព្រំដែនស្រុកសំពៅលូន ។ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចក្នុងចម្ការ ក្បែរភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជនរងគ្រោះមានឈ្មោះ ភឿន អាយុជាង៥០ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិឃុំកើតហេតុ ។ មុនពេលកើតហេតុជនរងគ្រោះ កំពុងដាំដំណាំនៅក្នុងដីចម្ការ ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងផងនោះ ក៏បង្ករជារន្ទះបាញ់ បាញ់ត្រូវតែម្តង។
អាកាសធាតុប្រែប្រួលលឿន បង្កជាភ្លៀងផ្គរ និងរន្ទះបាញ់ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២១មកនេះ បានបាញ់សម្លាប់មនុស្សសត្វកើនឡើងដល់ ៣លើក នៅលើទីតាំងផ្សេងគ្នា ។ ក្នុងនោះ២ លើកកើតឡើងនៅក្នុងស្រុកភ្នំព្រឹក សម្លាប់សត្វគោ ២ក្បាល មនុស្សស្រីចំនួន ២នាក់ និងនាពេលនេះបណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ទៀត បានស្លាប់នៅហ្នឹងកន្លែង ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ៕