ក្រសួងវប្បធម៌ ព្រមានចាត់ការលើជនបរទេស ដែលកាត់តរូបអ្នកទោស គុកទួលស្លែង

0

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានស្នើដល់គេហទំព័រ Vice ឲ្យលុបរូបជនរងគ្រោះជំនាន់ខ្មែរក្រហម ដែលខ្លួនយកពីមន្ទីរស-២១ ទៅបង្ហោះតែបែរជាកែខុសពីស្ថានភាពដើម។

ការស្នើរបស់ក្រសួងវប្បធម៌ បានធ្វើឡើងដោយសារគេហទំព័រសារព័ត៌មាន Vice ដែលផ្សាយក្រោមចំណងជើងថា These People Were Arrested by the Khmer Rouge and Never Seen Again (ពលរដ្ឋទាំងនេះ ត្រូវបានចាប់ខ្លួនដោយពួកខ្មែរក្រហម ហើយបាត់ខ្លួនជារៀងរហូត) ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលបានយករូបថតជនរងគ្រោះជំនាន់ខ្មែរក្រហម ទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្តែង អំឡុងពេលដែលជនរងគ្រោះទទួលរងនូវការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលថ្មីៗនេះ មានការបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរស-២១ តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្តែងអំឡុងពេល ដែលជនរងគ្រោះទទួលរងនូវការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម»។

សេចក្តីជូនដំណឹងដដែលបន្តថា «ក្រសួង មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ»។

ក្រសួងវប្បធម៌អះអាងថា សារមន្ទីរពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយជាមួយបុគ្គលខាងលើនេះទេ។ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរ ត្រូវគោរពតាមច្បាប់បណ្ណសារឆ្នាំ២០០៥ និងគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីរទួលស្លែង។

ក្រសួងវប្បធម៌ បានអំពាវនាវឲ្យបុគ្គលឈ្មោះ Matt Loughrey និងបណ្តាញសារព័ត៌មាន Vice លុបរូបទាំងអស់នេះចេញពីបណ្តាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ វិចិត្រករ និងសាធារណជនកុំប្រើប្រាស់រូបថត ក្នុងន័យខុសពីការពិត នៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពចំពោះជនរងគ្រោះ។ ក្រសួងបញ្ជាក់ថានឹងចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ក្នុងករណីបុគ្គលឈ្មោះ Matt Loughrey មិនអនុវត្តទៅតាមសេចក្តីណែនាំខាងលើ៕