ភ្នំពេញ ៖ នគរបាលខេត្តព្រះសីហនុ បានបំបែកសំណុំរឿង ករណីឃាតកម្មគិតជាមុន ឈានទៅឃាត់ខ្លួនបុរសម្នាក់ ដែលបានសម្លាប់ ស្ត្រីជនជាតិខ្មែរ ដែលត្រូវជាសង្សាររបស់ខ្លួន កាលពី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងទៅនេះ។
សមត្ថកិច្ចនគរបាលខេត្ត បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានភ្លាម ដោយមានការចង្អុល ដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចុះមកពិនិត្យ ទីតាំងកើតហេតុខាងលើ ជាលទ្ធផល ៖ សាកសពស្រី្តខ្មែរម្នាក់ អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃវែង ពណ៌លឿងខោស្ព័រកីឡាជើងវែង មានស្លាកស្នាមអារក , ជាំភ្នែកខាងស្តាំ ,ជាំថ្គាមខាងឆ្វេង ,ជាំបបូរមាត់ផ្នែកខាងលើ (សាកសពពុំស្គាល់អត្តសញ្ញាណ) ។
ឆ្លងតាមការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី សមត្ថកិច្ចបានរកឃើញវិទ្យុទាក់ទង មួយគ្រឿង ម៉ាក MOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ ។ ការស្រាវជ្រាវ ជាបន្តបន្ទាប់រហូតដល់ សមត្ថកិច្ចកំណត់បាន អត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនសង្ស័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨ និង០០នាទី ។
ជនរងគ្រោះឈ្មោះ យឹង សៅ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើតភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ កែវ ថុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើតភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត រស់នៅមានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ៖ ខ្លួនបានរួមរស់ជាមួយជនរងគ្រោះ រយៈពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេ មូលហេតុឈានដល់ការសម្លាប់ ជនរងគ្រោះនេះ ដោយសារខ្លួន និងជនរងគ្រោះ តែងតែមានជម្លោះ នឹងគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះ ប្រើពាក្យសម្តី ជេរប្រមាថ តិះដៀលមកលើខ្លួន ។រហូតដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២២និង០០នាទីយប់ ខ្លួនបានបបួល ជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះ ទៅដេកនៅផ្ទះសំណាក់ ខណៈនោះជនរងគ្រោះ បានប្រើសម្តីថា មុខហ្អែងគ្មានប្រាក់ នាំយើងដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ ។
ពេលនោះជនសង្ស័យ បានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាព សម្លាប់ជនរងគ្រោះ ប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក , វាយមាត់ ,យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាម អារករហូតដល់ជនរងគ្រោះ ដាច់ខ្យល់ស្លាប់ នៅនឹងកន្លែង កើតហេតុ រួចបានរត់គេចខ្លួន ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕