ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿង ស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន រយៈពេល ២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
សេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និង ក្នុងគោលបំណងធានាការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវសេចក្តីសម្រេច សេចក្តីណែនាំ សេចក្តីជូនដំណឹង និងចំណាត់ការជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងសហគមន៍។
យ៉ាងណាមិញ តាមរយៈការដាក់ចេញនូវ វិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្ត ដើម្បីការលើកកម្ពស់ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេសការអនុវត្ត សេចក្តីសម្រេចចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួនតូច នៅតែបន្តបំពាគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ច រក្សាគម្លាត លួចលាក់ប្រមូលផ្ដុំកំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដែលនេះ គឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរ សម្រាប់សង្គមជាតិ។
ក្នុងន័យនេះ ដើម្បីគ្រប់គ្រងសភាពការណ៍ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចខាងក្រោម៖
-១៖ គ្រប់ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការ លក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
-២៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះការទទួលអតិថិជន ឱ្យចូលមកទទួលទាន ក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្ម លក់ដូរជាលក្ខណៈវេចខ្ចប់បាន។
– ៣៖ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការចុះត្រួតពិនិត្យ តាមបណ្តាគោលដៅផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មដ្ឋាន ណាមួយមិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយប្រសិនបើនៅតែបន្តបំពាន ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕