មេបក្សយុវជនកម្ពុជា លើកឡើងថា ពលរដ្ឋគឺជាទ័ពស្រួចជួរមុខ ដើម្បីច្បាំងជាមួយមេរោគកូរ៉ូណា

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ប្រជាពលរដ្ឋគឺជាទ័ពស្រួចជួរមុខ ដើម្បីច្បាំងជាមួយមេរោគ COVID-19 ហើយបើចម្បាំងចាញ់នោះ គឺពលរដ្ឋជាអ្នកស្លាប់មុនគេក្នុងសមរភូមិតែម្តង ។

លោក ពេជ្រ ស្រស់ បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី១០ មេសានេះថា នៅក្នុងកាលៈទេសៈនេះ សាសនិកជនព្រះពុទ្ធ គួរយកពុទ្ធឱវាទមកប្រើគឺ អត្តាហិ អត្តនោ នាថោ ប្រែថា ខ្លួនទីពឹងខ្លួន ដោយហេតុថាជំងឺកូវីដដូចចរន្តអគ្គីសនីឆក់អញ្ចឹងដែរ គឺមិនអាចប៉ះគ្នាផ្ទាល់បានទេ ដូច្នេះករណីមេរោគ COVID-19 នេះគឺត្រូវការពលរដ្ឋជួយខ្លួនឯងដោយផ្ទាល់ជាមុនសិន ទើបអ្វីៗនឹងប្រសើរឡើងវិញ បើមិនដូច្នោះទេ អ្នកដែលវេទ្ទនាមុនគេគឺពលរដ្ឋនេះឯង។

លោកសង្កត់ធ្ងន់ថា «ពលរដ្ឋគឺជាទ័ពស្រួចជួរមុខ ដើម្បីច្បាំងជាមួយមេរោគCOVID-19 បើចម្បាំងចាញ់នោះគឺពលរដ្ឋ ជាអ្នកស្លាប់មុនគេក្នុងសមរភូមិតែម្តង» ៕