ភ្នំពេញ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនយុវជនម្នាក់ ទៅស្នងការនគរបាលខេត្តនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីនារីជាគូរស្នេហ៍បានប្តឹងថា ជននោះបានវាយធ្វើទារណ្ឌកម្មលើនាង រហូតជាំពេញខ្លួន នៅវេលាម៉ោងទាបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅបន្ទប់ជួល ក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យឈ្មោះ ឡៃ ឆាយលេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយមានពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ វឿន ពិសី អាយុ១៩ឆ្នាំរួចមក នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចាប់ជនសង្ស័យជាសង្សារតែម្តង។ ពេលសួរនាំ ជនសង្ស័យប្រាប់ថា ខ្លួនពិតជាបានប្រើហិង្សាលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តដើម្បីចាត់ការតាមច្បាប់ ៕




