ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ៣ចំណុច ក្នុងការទប់ស្កាត់ការរីករាល ជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ ឌីន ហាន ដែលស្ថិតនៅ ក្នុងខណ្ឌមានជ័យ។
នៅក្នុងសេចក្ដីណែនាំទាំងបីចំណុច រួមមាន៖
១៖ សូមបងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅក្នុងទីសំណាក់តែមួយ ដែលមិនទាន់បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅវិទ្យាល័យបឹងត្របែក វិទ្យាល័យបាក់ទូក ឬ សាលាបឋមសិក្សាសុភមង្គល និងត្រូវអនុវត្តវិធានចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ ឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
២៖ ចំពោរកម្មករ-កម្មការិនីទាំងឡាយណា ដែលមិនព្រមសហការ ទៅយកសំណាកតេស្ត រកមេរោគកូវីដ-១៩ តាមការណែនាំនេ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តដល់និយោជក និងគណៈគ្រប់គ្រងរោងចក្រ គឺមិនត្រូវអនុញ្ញាត ឱ្យបុគ្គលទាំងនោះចូល បម្រើការងារឡើយ នៅពេលដែលរោងចក្រនេះ ត្រូវបានបើកដំណើរការ ជាប្រក្រតីឡើងវិញ។
៣៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានកម្មករ-កម្មការិនី នៃរោងចក្រ «ឌីន ហាន» កំពុងរស់នៅក្នុងមូលដ្ឋានដែនដី ដែលខ្លួនគ្រប់គ្រងត្រូវចុះផ្សព្វផ្សាយ ជំរុញឱ្យពួកគាត់ ទៅយកសំណាក តេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំង គ្រប់គ្រងឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពូកគាត់ ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួន តាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីន ហាន» មានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះ៖ គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារ ក្នុងរោងចក្រនេ៖ ចំនួនប្រមាណ ៥០ នាក់ បានរកឃើញ តេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារ នៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់៕