តើជោគវាសនា ខ្មាន់កាំភ្លើង បាញ់សម្លាប់ក្មេងទំនើង ក្រោមស្ពានអាកាសផ្សារដីហុយ ទៅជាយ៉ាងណា?

0

ភ្នំពេញ៖ ដូចប្រិយមិត្តដែលនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញសង្គម បានជ្រាបមកហើយ មានករណីសន្តិសុខបាញ់សម្លាប់ ក្មេងទំនើងម្នាក់ នៅក្រោមស្ពានអាកាសផ្សារដីហុយ កាលពីយប់ថ្ងៃទី៦ មេសា កន្លងទៅ ។ ជុំវិញករណីនេះដែរ យើងសង្កេតឃើញថា មានទាំងឥស្សរៈជន មន្រ្តីសង្គមស៊ីវិល ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួន បានបញ្ចេញនូវមតិខុសៗគ្នា ដោយអ្នកខ្លះបានលើកពី ទិដ្ឋភាពច្បាប់ និងអ្នកខ្លះទៀតលើកពី ទិដ្ឋភាពជាក់ស្ដែង ក្នុងការការពារខ្លួន ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សន្តិសុខធនាគារ ABA ម្នាក់ បានដេញបុរស ២នាក់ ដែលរត់វ៉ៃតប់គ្នា ចេញពីមុខកន្លែងធ្វើការ តែបុរសម្នាក់ បែរយកកាំបិត ប៉ុនប៉ងមកចាក់ តែត្រូវសន្តិសុខបាញ់ស្លាប់ម្នាក់ ។

ភ្លាមៗដោយមិនបង្អង់យូរ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ បានចោទជាសំណួរថា តើមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌអាចជួយសង្គ្រោះខ្មាន់កាំភ្លើង ឲ្យរួចផុតពីបទចោទបានដែឬទេ?

លោកសង្កត់ធ្ងន់ថា ក្នុងមាត្រា៣៣ «ការការពារដោយស្របច្បាប់» ចែងថាបុគ្គលណាដែលប្រព្រឹត្តបទល្មើស ក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌ ទេ ។ ការការពារដោយស្របច្បាប់ ត្រូវមានលក្ខខណ្ឌ ដូចខាងក្រោមនេះ៖-បទល្មើស ត្រូវចាត់ទុកថា ត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខ នឹងការឈ្លានពានមួយ ដែលមិនត្រឹមត្រូវ

-បទល្មើស និង ការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង

-គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ នឹង ទម្ងន់នៃការឈ្លានពាន ។

មិនត្រឹមតែប៉ុណ្ណោះយើងក៏សង្កេតឃើញថា  អ្នកសារព័ត៌មានពូកែវោហាស័ព្ទ និងចូលចិត្តបកស្រាយពីបញ្ហាសង្គម គឺលោក ផែង វណ្ណៈ ក៏បានចេញមុខ មកបកស្រាយជុំវិញករណីនេះផងដែរ ដោយលោក បានលើកឡើងថា «កំហុសដោយ អចេតនាបែបនេះ ប្អូនកុំអស់សង្ឃឹម ស៊ូស៊ូឡេីង បងប្អូន ប្រជាពលរដ្ឋ គោរពស្រលាញ់ គាំទ្រប្អូនច្រើនណាស់។ បងមិនមែនជាអ្នកមានទេ តែពេលឃេីញប្អូនស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ  បងសូមចូលរួម ឧបត្ថម្ភ១លានរៀល ដល់ប្អូន តាមរយៈលោកអធិការខណ្ឌសែន សុខ ។សូមជូនពរប្អូន ជួបតែសំណាងល្អ ហេីយសង្ឃឹមថាមន្ត្រីអនុវត្តន៍ច្បាប់ នឹងយោគយល់បន្ធូរបន្ថយដល់ ប្អូនជាក់ជាពុំខាន  »។

សូមរំលឹកថាលោក ផែង វណ្ណៈ ក៏ទើបទទួលបានការព្រមានពីលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងស្ថាប័នរដ្ឋជាច្រើនផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ ។

ងាកមកករណីសន្តិសុខ បាញ់សម្លាញ់ក្មេងទំនើងនេះវិញ មេធាវី៩រូប មកពីក្រុមហ៊ុនមេធាវី ដ័ន & ដ័ន និងក្រុមហ៊ុនមេធាវីលីហ្គលថោន បានរួមគ្នាការពារក្តីជូនលោក ភឿន ភិរៈ សន្តិសុខធានាគារ ABA ដែលបានជាប់ចោទក្នុងសំណុំរឿងហិង្សាផ្ទុះអាវុធបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅក្រោមស្ពានអាកាសទឹកថ្លា កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រុមមេធាវីបានគូសបញ្ជាក់ថា ការជួយការពារក្តីដោយសារមើលឃើញស្ថានភាពគ្រួសារជនសង្ស័យ ភឿន ភិរៈ ជាកូនកំព្រាឪពុក និងជាអតីតតបញ្ញវន្តដែលបានទទួលអាហារូបករណ៍នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមមេធាវី បានអះអាងថា ការស្វះស្វែងគាំពារផ្នែកច្បាប់នេះ ដើម្បីការពារសិទ្ធិជនសង្ស័យក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។

មេធាវីទាំង៩រូប ដែលបានស្ម័គ្រចិត្តចូលខ្លួនការពារក្តីដោយមិនគិតថ្លៃជូនលោក ភឿន ភិរៈ នេះរួមមាន៖ មេធាវី អ៊ន ហ៊ីង, មេធាវី នី ចាន់ឌី, មេធាវី ឈរ ស៊ុនហុង, មេធាវី ស៊ឹង ច័ន្ទកន្និកា, មេធាវី សាន សុផា, មេធាវី ណែប ម៉ូនីកា, មេធាវី ឆន សំណាង, មេធាវី ប៉ាល់ វណ្ណារី និងមេធាវី អោម ប៊ុនថា។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ ខែមេសា កន្លងទៅនេះ មានកើតករណីហិង្សាមួយលើ ដងវិថីក្រោមស្ពានអាកាសទឹកថ្លៃ រវាងសន្តិសុខធនាគារ ABA លោក ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមួយយុវជនម្នាក់។ អំពើហិង្សាបានឈានដល់ ការផ្ទុះអាវុធបណ្តាលឱ្យយុវជន ដែលគេអះអាងថា បែកថ្នាំផងនោះ ស្លាប់បាត់បង់ជីវិត ពេលរូបគេកាន់កាំបិតសម្តៅចូលទៅ ចាក់បុរសសន្តិសុខ និងជាជនសង្ស័យក្នុងសំណុំរឿងនេះ។

ជុំវិញករណីហិង្សានេះ អ្នកលេងបណ្តាញសង្គម រួមទាំងអ្នកច្បាប់មួយចំនួនផង បានចាត់ទុកការបាញ់របស់លោក ភឿន ភិរៈ ទៅលើជនរងគ្រោះ គ្រាន់តែជាករណីការពារខ្លួនប៉ុណ្ណោះ។ អ្នកលេងបណ្តាញសង្គម ចង់ឃើញស្ថាប័នតុលាការថ្លឹងថ្លែង លើអង្គហេតុនៃអំពើហិង្សា និងផ្តល់ការអនុគ្រោះដល់ជនសង្ស័យ។

ជនសង្ស័យ ភឿន ភិរៈ ត្រូវបានកម្លាំងនគរបាលបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។ តើជោគវាសនា ខ្មាន់កាំភ្លើង បាញ់សម្លាប់ក្មេងទំនើង ទៅជាយ៉ាងណា សូមរងចាំតាមដានទាំងអស់គ្នា៕