ភ្នំពេញ៖ អភិបាលខេត្តពញរះសីហនុ លោក គួច ចំរើន បាននិងកំពុងពិចារណា អនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើករួចរាល់ អាចធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្ត របស់រាជរដ្ឋាភិបាលបានបញ្ចប់ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ មេសានេះ លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណាផ្តល់ការអនុញ្ញាត ជូនចំពោះតែអ្នកដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរ ចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាម ធ្វើដំណើរឆ្លងខេត្តរបស់ រាជរដ្ឋាភិបាលបានបញ្ចប់» ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយរបស់ពលរដ្ឋ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃ៧ ដល់ថ្ងៃទី២០ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕