ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានផ្ដាំផ្ញើទៅអ្នកដែលទើបបានតាំងស៊ប់ ចូលបម្រើក្នុងកងជួរក្របខ័ណ្ឌ កងកម្លាំងប្រដាប់អាវុធ និងមានបំណងចង់បានអាវុធខ្លី ដើម្បីយកដាក់តាមខ្លួន ត្រូវមានចិត្តឲ្យធ្ងន់ និងយល់ដឹងឲ្យច្បាស់លាស់ ពីសិទ្ធិការពារខ្លួន មុនសម្រេចចិត្តដកយកអាវុធមកប្រើប្រាស់ ។
ការលើកឡើងរបស់ លោកឧត្ដមសេនីយ៍បែបនេះ ធ្វើឡើងបន្ទាប់ពីកាលពីម៉ោង ៩យប់ ថ្ងៃទី៦ មេសា នៅត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហ៊ុយ ទាល់មុខធនាគារ ABA តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីសន្តិសុខបានដកកាំភ្លើង បាញ់យុវជនម្នាក់បណ្ដាលឲ្យស្លាប់ ក្នុងពេលយុវជននោះ បានយកកាំបិតដេញចាក់សន្តិសុខរូបនោះ ។
ទាក់ទិនករណីនេះលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក មុននេះបន្តិចថា «ផ្ញើរជូនប្អូនៗដែលទើបបានតាំងស៊ប់ ចូលបម្រើក្នុងកងជួរក្របខ័ណ្ឌ កងកម្លាំងប្រដាប់អាវុធ ! មិនថាអ្នកណាជាអ្នកណាទេ នៅពេលដែលបានចូលក្របខ័ណ្ឌ តាំងស៊ប់ជានគរបាលជាតិ ឬខេមរ:ភូមិ្ទថ្មីៗ ភាគច្រើនប្អូនៗតែងតែមានបំណង ចង់បានអាវុធខ្លីដើម្បីប្រើប្រាស់។ កន្លងមកខ្ញុំធ្លាប់បានសួរប្អូនៗ មួយចំនួនថាតើចាំបាច់អីត្រូវមាន អាវុធដាក់ជាប់ខ្លួន ភាគច្រើនលើសលុបបានឆ្លើយថា ទុកការពារខ្លួន។ កន្លងមកខ្ញុំក៏ធ្លាប់បាន បង្ហោះរឿងអាវុធនេះដែរថា មានវាជាប់ខ្លួនមិនប្រាកដថា ជួយម្ចាស់វាគ្រប់ពេលនោះទេ វានឹងនាំទុក្ខដាក់ខ្លួនច្រើនជាងនាំសុខ បើសិនម្ចាស់វាគ្រប់គ្រងខ្លួនឯងអត់បាន ឬចេះច្បាប់អត់ដល់» ។
លោកបន្តថា «ជាក់ស្តែងដូចអង្គហេតុមួយនេះអញ្ចឹង បើសិនជាខ្មាន់កាំភ្លើង គាត់គ្មានអាវុធនៅនឹងដៃទេ ខ្ញុំគិតថាគាត់នឹងរត់យករួចខ្លួនតែម្តង ប៉ុន្តែដោយសារតែមានអាវុធ នៅជាប់នឹងខ្លួនទើបធ្វើឲ្យគាត់ហ៊ាន ដើម្បីតតាំងជាមួយជនដែលកាន់កាំបិត។ នៅក្នុងអង្គហេតុនេះខ្មាន់កាំភ្លើង ប្រាកដជាឆ្លើយថា ការពារខ្លួនដោយស្របច្បាប់តាមមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែមាត្រាខាងលើបាន ចែងច្បាស់លាស់ណាស់ បើអ្នកវិភាគមិនដល់ យល់មិនច្បាស់ហើយយកវា មកអនុវត្តក៏នាំទុក្ខដាក់ខ្លួនដែរ» ។
លោកឧត្ដមសេនីយ៍បន្ថែមថា «សូមប្អូនៗដែលទើបបាន ក្របខ័ណ្ឌកងកម្លាំងថ្មីៗ និងមានបំណងចង់បានអាវុធខ្លី ដើម្បីយកដាក់តាមខ្លួន ត្រូវមានចិត្តឲ្យធ្ងន់ និងយល់ដឹងឲ្យច្បាស់លាស់ ពីសិទ្ធិការពារខ្លួនមុនសម្រេចចិត្ត ដកយកអាវុធមកប្រើប្រាស់។ ខ្ញុំរៀបរាប់ខាងលើមិនមែនចោទថា ខ្មាន់កាំភ្លើងខុសទេ គឺមានគោលបំណងឲ្យប្អូនៗ ទើបបានក្របខ័ណ្ឌកងកម្លាំង ប្រដាប់អាវុធតាំងស៊ុបថ្មីៗត្រូវគិតឲ្យបានវែងឆ្ងាយ និងយករឿងមួយនេះមកធ្វើជាឧទាហរណ៍ មុនសម្រេចចិត្តមានអាវុធដាក់ជាប់នឹងខ្លួន» ។
ជាមួយគ្នានោះលោកឧត្ដមសេនីយ៍ ក៏បានជូនពរឲ្យក្មាន់កាំភ្លើង នៅក្នុងអង្គហេតុនេះ បានរួចផុតពីបទចោទផងដែរ ៕