ភ្លើងប្រចណ្ឌ! បុរសម្នាក់វាយ ប្រពន្ធដល់ស្លាប់ ព្រោះតែ…..

0

ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធករណី វាយប្រពន្ធដល់ស្លាប់ ព្រោះតែភ្លើងប្រចណ្ឌ។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ស្ថិតនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបាននាំខ្លួន មកកាន់អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ជុំវិញករណីឃាតកម្ម សម្លាប់ប្រពន្ធរបស់ខ្លួន។

សូមជម្រាបជូនថា នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានកាភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញស្រី្តឈ្មោះ សេង វ៉េត ហៅ ស អាយុ ៣៩ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលើ ក្នុងសភាពហើមខ្លាំង និងធំក្លិន មកខាងក្រៅដោយមិនដឹងពីមូលហេតុ។ ផ្តើមចេញពីបញ្ហានេះ និងមានមូលដ្ឋានបង្ហាញ ពីការសង្ស័យខ្លាំង ចំពោះការស្លាប់របស់ស្ត្រីរូបនេះ ទើបសមត្ថកិច្ច ឈានដល់ការនាំខ្លួន បុរសខាងលើ ដែលត្រូវជាប្តី របស់ជនរងគ្រោះមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល បុរសជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានឆ្លើយសារភាពថា គាត់ពិតជាបានសម្លាប់ ស្រី្តជាប្រពន្ធរបស់គាត់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នាវេលាយប់រំលងអាធ្រាត្រ ដោយការវាយដំ លើផ្ទៃមុខនិងច្របាច់ក រហូតដល់ស្លាប់។

ចំពោះមូលហេតុ ដែលឈានដល់ការ សម្លាប់ប្រពន្ធបែបនេះ គឺដោយសារប្រពន្ធគាត់តែងតែ ជេរប្រមាថគាត់នៅពេលខឹង ហើយតែងតែទូរស័ព្ទទៅរកប្តីមុន (អតីតស្វាមី) របស់គាត់ និងនិយាយសរសើរប្តី មុននៅចំពោះមុខគាត់ជាញឹកញយ ។

តាមការរៀបរាប់ ជនសង្ស័យរូបនេះ បានឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើបនឹង បានគ្នាជាប្តីប្រពន្ធ ក្នុងរយ:ពេលតែជាងមួយឆ្នាំ ប៉ុណ្ណោះ ហើយស្ត្រីជាប្រពន្ធនេះ មានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នា ក្នុងពេលធ្វើកម្មកររោងចក្រ នៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ស្នាក់នៅទីនេះ ក្នុងអំឡុងខែមីនា ឆ្នាំ២០២១តែប៉ុណ្ណោះ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីបញ្ជូនបន្តទៅកាន់តុលារការអនុវត្តតាមផ្លូវច្បាប់៕