ភ្នំពេញ៖ សន្តិសុខបានដេញបុរស២នាក់ ដែលរត់វ៉ៃតប់គ្នា ចេញពីមុខកន្លែងធ្វើការ តែបុរសម្នាក បែរយកកាំបិត ប៉ុនប៉ងមកចាក់ តែត្រូវសន្តិសុខបាញ់ស្លាប់ម្នាក់។ ហេតុការណ៍ផ្ទុះអាវុធ មួយបាន បង្ក ភ្ញាក់ផ្អើលនៅត្រង់ចំណុច ក្រោមស្ពានអាកាស ផ្សារដីហ៊ុយ ទាល់មុខធនាគារABA តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។ កម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ និងឃាត់ជនដៃដល់ ដែលជាម្ចាស់អាវុធ យកមកកាន់អធិការដ្ឋានដើម្បីសួរនាំ ។
ចំណែកឯជនរងគ្រោះ ដែលស្លាប់មិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ មានវ័យជាង២០ ឆ្នាំស្លៀកខោជើងវែង ពណ៌ខ្មៅដោះអាវនិងកាន់កាំបិតចុងស្រួចមួយ។
អ្នកឃើញហេតុការណ៍ បានឱ្យដឹងថាមុនពេលកើតហេតុ ភាគីដែលស្លាប់មានគ្នា២នាក់ បានមកឈ្លោះប្រកែកគ្នា នៅមុខធនាគារអេប៊ីអេ ក្រោមស្ពានអាកាសផ្សារដីហ៊ុយ។ ពេលកំពុងឈ្លោះប្រកែកគ្នា ក៏មានសន្តិសុខ ដែលយាម នៅទីនោះ ក៏បានដេញកុំឱ្យឈ្នោះគ្នា នៅមុខធនាគារ ក្រោយមកជនទាំងពីរនាក់ នោះទៅបាត់ទៅ។
បុរសដដែលបានបន្តថា ស្រាប់តែមួយសន្ទុះ ក្រោយមកជនម្នាក់ ក្នុងចំណោម២នាក់ បានត្រឡប់មកវិញ ដោយមានកាន់កាំបិត ចុងស្រួចមកផង។ ជននោះបានមកឈ្លោះ ជាមួយនឹងសន្តិសុខ ដែលកំពុងយាមធនាគារ ម្ដងទៀត ពេលកំពុងតែឈ្លោះគ្នា បុរសដែលកាន់កាំបិតនោះ បានស្ទុះរត់ទៅចាក់ ទៅលើកម្លាំងសន្តិសុខ ដែលយាមធនាគារ ទើបកម្លាំងសន្តិសុខនោះ បានដកកាំភ្លើងបាញ់ចំនួន៣ គ្រាប់បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងតែម្ដង។
ដោយឡែក តាមប្រភពផ្សេងទៀត បានដឹងថាជន បង្កដែលជាអ្នក ប្រើប្រាស់អាវុធនេះ គឺជាកម្លាំងប៉ូលិស នៅអង្គភាពតម្រួតបទបញ្ជា។ តែទោះជាយ៉ាងណា យើងមិនទាន់មានប្រភពច្បាស់ការណ៍ ណាបញ្ជាក់នៅឡើយទេ៕







