ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសច្បាស់ៗថា នៅពេលណាមួយ ដែលស្ថាប័នរដ្ឋចាក់វ៉ាក់សាំងបាន ៧០% ឡើងលើ ហើយមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ ដែលគេចវេសមិនចាក់នោះ ពោលគឺឲ្យមន្ត្រីទាំងនោះនៅដេកផ្ទះរហូតទៅ មិនបាច់មកធ្វើការងារទៀតទេ ។
តាមរយៈសារពិសេសកាលពីយប់ថ្ងៃទី៦ មេសា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «ពិតមែនតែវ៉ាក់សាំងចាក់ លើគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង ជាពិសេសជំហានដំបូងនេះ គឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលរបស់យើងទាំងអស់ ។ នៅពេលណាមួយដែលស្ថាប័នរបស់ខ្លួនចាក់បាន ៧០ភាគរយឡើងលើ មន្រ្តីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនអនុញ្ញាតឱ្យចូលប្រជុំដែរ ទុកឱ្យដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងដែលចាក់ដើម្បីការពារខ្លួនឯង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ឬក៏ជាមន្រ្តីរាជការធ្វើអ្វីតទៅទៀត»។
សម្តេចតេជោ បានស្នើឲ្យអភិបាលខេត្ត និងអភិបាលស្រុក ត្រូវត្រួតពិនិត្យមើលមន្រ្តីនៅក្នុងខេត្តរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំង បើមន្រ្តីដែលខកខានដោយចេតនា គឺមិនគប្បីអនុញ្ញាតឱ្យពួកគាត់ចូលធ្វើការនោះទេ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានកុំឱ្យមានការឃុបឃិតគ្នារវាងគ្រូពេទ្យ និងមន្រ្តីដែលមានចេតនាមិនចាក់វ៉ាក់សាំងផងដែរ។ សម្តេចថា ដើម្បីចៀសវាងមានការឃុបឃិតរវាងគ្រូពេទ្យ និងអ្នកដែលមានចេតនាមិនចាក់វ៉ាក់សាំង គឺអ្នកចាក់ទាំងអស់ ត្រូវមានការបញ្ជាក់ឱ្យបានជាក់លាក់ ពីអង្គភាពជំនាញ។ ហើយនៅពេលខាងមុខ បើអាច គឺក្រៅពីកាតដែលផ្តល់ដោយផ្នែកសុខាភិបាល យើងអាចមានផ្លាកសញ្ញា ដើម្បីបញ្ជាក់អំពីអ្នកដែលបានចាក់វ៉ាក់សាំង ដែលចេញដោយក្រសួងសាមីតែម្តង ។
សម្តេចសង្កត់ធ្ងន់ថា អ្នកដែលមានចេតនាមិនទទួលវ៉ាក់សាំង គឺជាអ្នកអាចនឹងងាយបាត់បង់ការងារធ្វើ ទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្រ្តីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងក្រោមជាតិ ទាំងមន្រ្តីជាប់កិច្ចសន្យា។ សម្តេចក៏បានដាស់តឿនថា ពេលនេះមិនទាន់ហួសពេលនោះទេ ដែលមន្រ្តីទាំងនោះអាចទៅចាក់វ៉ាក់សាំងបាន ៕