អាសូរណាស់! បាក់រលំដីច្រាំងអូរ សង្កត់មនុស្សស្លាប់ ម្នាក់ ពេលកំពុងចាប់ត្រី

0

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ដោយសារបាក់ច្រាំងអូរសង្កត់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥នឹង៣០នាទីល្ងាច។ យោងតាមឈ្មោះ ហឿន សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមេឃុំតាសៀម ទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាប់សមត្ថកិច្ច។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនៃអធិការដ្ឋាន ស្រុកស្វាយលើ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានកម្លាំង ជំនាញបច្ចេកទេសវិទ្យាសាស្រ្ត ស្រុកកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំង ប៉ុស្តិ៍តាសៀម មេឃុំ មេភូមិរហាល ព្រមទាំងកម្លាំងប្រជាការពារ បានចុះទៅដល់ កន្លែងកើតហេតុ។

ប្រភពដដែលបានអោយដឹងថា ជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមការបំភ្លឺ របស់សាក្សីឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅកន្លែងកើតហេតុខាងលើ(ត្រូវជាឪពុកបង្កើត របស់ជនរងគ្រោះ) ទីពីរឈ្មោះ ឌឿន ដា ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាបងប្អូនជីដូន បានឲ្យដឹងថាមុនពេលកើតហេតុខ្លួន បាននាំកូនទៅបង់សំណាញ់ នៅស្ពានតូចប្រហែល ម៉ោង០១នឹង៣០នាទីរសៀល បាននាំគ្នាទៅបង់សំណាញ់ លុះដល់ម៉ោង៥នឹង៣០នាទីល្ងាច ស្រាប់តែកូនរបស់ខ្លួន បានយកសំណាញ់ ទៅគ្របនៅនឹងច្រាំង ក្រោមគុម្ពឫស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវ ស្រវ៉ារកចាប់ត្រី ស្រាប់តែបាក់មាត់ច្រាំង សង្កត់មកលើកូនរបស់ខ្លួន។

ក្រោយកើតហេតុគាត់ បានរាយការណ៍ជូនសមត្ថកិច្ច និងបានហៅអាអ៊ិច (អេស្កាវទ័រ)មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក។

ក្រោយការពិនិត្យរបស់កម្លាំងជំនាញ បច្ចេកទេសឃើញថាសព មានស្លាកស្នាមដាច់រលាត់ នៅលើ ភ្នែក និង ខ្ទង់ច្រមុះ ដែលបណ្ដាលមកពីការបាក់សង្កត់ នៃច្រាំងអូរពិតប្រាកដមែន ហើយពុំមានពាក់ព័ន្ធករណី បទល្មើសព្រហ្មទណ្ឌទេ។

ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕