ភ្នំពេញ ៖ស្រ្តីមានផ្ទៃពោះ៧ខែម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាប ចុះចាប់ខ្លួនពាក់ព័ន្ធករណីប្លន់ នៅស្រុកអង្គរជុំ ដោយយកក្រដាស់ញាត់មាត់ ហើយចាក់កាវ៥០២ ចូលទៅក្នុងមាត់ ស្ត្រីរងគ្រោះ ដើម្បីប្លន់យកខ្សែក១តម្លឹង។
បើតាមលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលផែនបទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា ស្ត្រីសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ចុះស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការចាប់ខ្លួន នេះធ្វើឡើង នៅថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ គុណ ហួច អាយុ២៨ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (មានផ្ទៃពោះ៧ខែ)។
ក្រោយឃាត់ខ្លួន ស្ត្រីជាជនសង្ស័យរូបនេះ បានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជំនាញ ថាខ្លួនពិតជាបាន ធ្វើសកម្មភាព ដោយយកកាវ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែក ដែលជនរងគ្រោះ ពាក់ពិតប្រាកដមែន ។
សូមរំលឹកថាកាលពីថ្ងែទី៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតា សោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នៅក្នុងផ្ទះរបស់គាត់តែ ម្នាក់ឯង រហូតដល់ម៉ោង១២និង៣០នាទី រសៀល ថ្ងៃខែឆ្នាំដដែលជនរងគ្រោះ បានស្ដារពាងទឹកដើម្បី ហៅគេដឹកទឹកមកដាក់ ឲ្យពេលគាត់ស្ដារពាង រួច គាត់បានចងអង្រឹងដេក នៅមុខផ្ទះរបស់គាត់ ជាប់នឹងផ្លូវ ខណៈពេលនោះគាត់ដេកបានមួយសន្ទុះ ស្រាប់តែ មានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ ហើយចាក់កាវ៥០២ ចូល ទៅក្នុងមាត់ ជនរងគ្រោះ ពេលដែល ជនរងគ្រោះ កំពុងតែដេកលក់ នៅលើអង្រឹង បណ្ដាលឱ្យជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើតហើយជនសង្ស័យ បានដោះយកខ្សែកមាស ពីជនរងគ្រោះ ទម្ងន់១តម្លឹង រួចរត់គេចខ្លួន បាត់តែម្ដង ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ទៀត ថាករណីនេះស្ត្រីសង្ស័យ ធ្វើសកម្មភាពខាងលើ នេះ ដោយសារជនរងគ្រោះ ជាគូរទំនាស់ ជាមួយម្ដាយឪពុក របស់ស្ត្រីសង្ស័យកាលពី២ឆ្នាំមុន នេះជារឿងគំនុំផងដែរ ។
បច្ចុប្បន្នស្ត្រីសង្ស័យ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រៀបចំកសាងសំណុំរឿង បញ្ជូន ខ្លួនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាង ត្រូវបានប្រគល់ជូន ជនរង គ្រោះវិញ ៕