ភ្នំពេញ៖ បុរសស្រវឹងស្រាជោគជាំ ម្នាក់ត្រូវបាន កម្លាំង សមត្ថកិច្ច ធ្វើ ការចាប់ ឃាត់ខ្លួន ភ្លាមៗបន្ទាប់ពី បើកម៉ូតូកង់បីឥណ្ឌា បំបុកចូល គោលដៅអនុវត្ត របស់អាជ្ញាធរ បណ្តាលឲ្យប្រជាការពារម្នាក់ រងរបួសដៃធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅតាម បណ្តោយផ្លូវកែវចិន្តា ក្បែរសណ្ឋាគារសុខាភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសចំណាស់រូបនោះ ពុំ ត្រូវបាន ស្គាល់អត្តសញ្ញាណឡើយដោយគេសង្កេត ឃើញមានស្លៀកឈុត ស និងបានកោរសក់ផងដែរ ដោយបាន ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HG – 7179 ។
តាម ប្រភពព័ត៌មានឲ្យដឹងថា នៅ មុនពេលកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្ត នូវវិធានការ រដ្ឋបាលហាមឃាត់ ការចរាចរណ៍ ធ្វើដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលហាមឃាត់ការ ធ្វើដំណើររបស់ពលរដ្ឋ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទាបភ្លឺ ។ ខណៈកំពុងធ្វើការអនុវត្តនោះ ស្រាប់តែបុរសខាងលើ បានជិះម៉ូតូ កង់បីឥណ្ឌាក្នុងល្បឿនលឿន ឆ្លងកាត់ ការត្រួតពិនិត្យ របស់សមត្ថកិច្ច ជាហេតុធ្វើឲ្យប្រជាការពារ ម្នាក់លើកដៃជា សញ្ញាឲ្យឈប់ដើម្បី សួរនាំ តែរូបគេមិនបានឈប់ បែរជាបើកបំបុកបណ្តាលឲ្យ ប្រជាការពារ រូបនោះ រងរបួសដៃខាងឆ្វេងធ្ងន់ធ្ងរ តែម្តង ។
ភ្លាមៗនោះបុរស ជាអ្នកបើកម៉ូតូកង់បី ត្រូវបានកម្លាំងចម្រុះ ចាប់ឃាត់បាន នៅហ្នឹងកន្លែង ដោយពេលចាប់បានគឺ បុរសរូបនោះមានអាការៈស្រវឹង ជោគជាំ ពុំសូវមានស្មារតី គ្រប់គ្រងខ្លួនឯងឡើយ ។
តាមការអះអាងឲ្យដឹងពី បុរសរូបនេះគឺ ទើបតែធ្វើបុណ្យសព ឲ្យឪពុករួច ដោយសារឪពុកស្លាប់ រូបគេខូចចិត្តក៏ ផឹកស្រាបំបាត់ ទុកតែម្តង ។
ក្រោយ ឃាត់ខ្លួនហើយ បុរសរូបនោះត្រូវបាន សមត្ថកិច្ច ចាប់ឃាត់ខ្លួនឡើង រថយន្តដឹកយក ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វា រងចាំមានចំណាត់ការបន្ត ៕