ភ្នំពេញ៖ រកឃើញអាជីវករលក់ដូរនៅផ្សារអូរឫស្សីចំនួន ២០នាក់បន្ថែមទៀត ឆ្លងកូវីដ១៩ សរុបកើនដល់ចំនួន ៣៦នាក់ហើយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ មេសានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅផ្សារអូរឫស្សី ឬអ្នកចេញចូលជាប្រចាំ ឬញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។
ចំពោះទីតាំងធ្វើតេស្ត រួមមាន វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕