គិតអីនុង! កូនស្រីបង្កើត របស់បុរសជាអ្នករត់កង់បីម្នាក់ រារាំងមិនឲ្យសមត្ថកិច្ច និងក្រុមគ្រូពេទ្យ យកឪពុកទៅធ្វើចត្តាឡីស័ក

0

ភ្នំពេញ ៖ កូនស្រីបង្កើតរបស់បុរសម្នាក់ជាអ្នករត់កង់បី ដែលជាប់ពាក់ ព័ន្ធជាមួយអ្នកមានជំងឺកូវីដ-១៩ អាចប្រឈម នឹងការចាប់ខ្លួន ដោយសារការរារាំង មិនឲ្យសមត្ថកិច្ច និងក្រុមគ្រូពេទ្យយកឪពុកទៅធ្វើចត្តាឡីស័ក នៅក្នុងក្រុងកំពង់ឆ្នាំង ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះសមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះទៅយកបុរសម្នាក់ ជាអ្នករត់ម៉ូតូកង់ បីឈ្មោះ ពិន បូ ដែលបានពាក់ព័ន្ធផ្ទាល់ ជាមួយនិងឈ្មោះ សោម ឡូ មានវិជ្ជាមានកូវីដ-១៩ ដែលត្រូវបានរកឃើញកាល ពីថ្ងៃទី៤ ខែមេសា ម្សិលមិញនេះដើម្បីយក ទៅធ្វើចត្តាឡីស័ក នឹងយកសំណាកទៅធ្វើតេស្ត រកមេរោគកូវីត-១៩។ ប៉ុន្តែឈ្មោះ ពិន បូ ដែលជាអ្នករត់កង់បី មិនបានទៅតាមការអញ្ជើញ របស់សមត្ថកិច្ច និងក្រុមគ្រូពេទ្យនោះឡើយ។

លោក ឆាយ ខែមរ័ត្ន អធិការក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ អ្នកយកពត៏មានយើង នៅវេលាម៉ោង១១ ថ្ងៃទី៥ ខែមេសានេះ ឲ្យដឹងថា នៅព្រឹកនេះសមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានយករថយន្ត ទៅនាំយកឈ្មោះ ពិន ប៉ូ ជាអ្នករត់កង់បី ដែលជាប់ ពាក់ព័ន្ធជាមួយនឹងឈ្មោះ សោម ឡូ ដែលមានវិជ្ជមានកូវីដ-១៩ ដំបូងឡើយ ហើយឈ្មោះ ពិន ប៉ូ យល់ ព្រមសហការ មកជាមួយសមត្ថកិច្ច នឹងគ្រូពេទ្យ ដើម្បីទៅធ្វើចត្តាឡីស័ក និងយកសំណាក ប៉ុន្តែបន្ទាប់មកក៏ស្រាប់តែកូនស្រីរបស់ឈ្មោះ ពិន ប៉ូ បានប្រកែកយ៉ាងខ្លាំង ដោយមិនអនុញ្ញាត ឲ្យយកឪពុករបស់គេចេញ ពីផ្ទះ ដោយអះអាងថា ឪពុករបស់គេគ្មានឈឺអីទេ និងមិនមានអ្នកមើលប្អូនៗ របស់គេនៅផ្ទះ។

លោកអធិការ បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះសមត្ថ កិច្ចនិងក្រុមគ្រូពេទ្យ បានដកថយសិន ហើយបាននិងកំពុងស្នើ សុំគោលការណ៍ ទៅកាន់អាជ្ញាធរខេត្ត ដើម្បីមានវិធានការផ្លូវច្បាប់ បើបុគ្គលនោះនៅតែរឹងទទឹង នឹងរារាំងដល់សមត្ថកិច្ច និងក្រុមការងារ និងអាចឈានដល់ការចាប់ខ្លួន ចំពោះបុគ្គលរូបនោះនៅថ្ងៃនេះ ឬក៏ថ្ងៃស្អែកផងដែរ ៕