អាជ្ញាធរខេត្តកណ្ដាល គ្រោងយកអគារ មន្ទីរពេទ្យចំនួន២ បន្ថែមទៀត សម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩ ខណៈអ្នកឆ្លង កើនដល់៣៥៤នាក់

0

ភ្នំពេញ៖ លោក គង់ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអោយដឹងថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ទូទាំងខេត្តកណ្ដាល មានអ្នកវិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ៣៥៤នាក់ និងបានព្យាបាលបានជាសះស្បើយ សរុបចំនួន ២៩១នាក់ ហើយខេត្តកណ្ដាលមិនមានអ្នកស្លាប់ដោយមេរោគកូវីដ-១៩ឡើយ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល សរុបចំនួន ១៦,៧៣៣នាក់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន១៥,៦០៧នាក់។

ជាការឆ្លើយតប នឹងកំណើនអ្នកឆ្លងនេះ អាជ្ញាធរខេត្តកណ្ដាល គ្រោងនឹងយកអគារ មន្ទីរពេទ្យចំនួន២ បន្ថែមទៀត ក្នុងមន្ទីពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រាប់ព្យាបាលអ្នក ដែលបានរកឃើញមាន ផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។

ថ្លែងក្នុងឱកាសអញ្ជើញ ក្នុងពិធីប្រគល់ទទួលអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត នៃមន្ទីរពេទ្យជ័យជំនះ ដែលជាអំណោយរបស់ ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា «ដោយមានការកើនឡើង អ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល និងមានតម្រូវការចាំបាច់ នូវអគារសម្រាប់ព្យាបាល អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ រដ្ឋបាលខេត្តកណ្ដាល នឹងត្រៀមយកអគារចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រាប់ព្យាបាលអ្នកដែលបានរកឃើញ មានវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល»៕