ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានចុះបិទទីតាំង ហាងយីហោ “ផ្ទះសុខភាព” ស្ទីមម៉ាស្សាសូណាមួយកន្លែង ដែលផ្គើននឹងបម្រាម រដ្ឋបាលរាជធានីភ្នំពេញ ដោយលួចបន្តបើកដោយចាប់បានមនុស្ស ១២នាក់។ការចុះបិទទីតាំងនេះ នៅផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយក្រុមការងារបានត្រួតពិនិត្យឃើញថា ហាងខាងលើបានបន្តលួចបើកអាជីវកម្ម ទោះបីអាជ្ញាធរបានណែនាំ ក៏ដូចជាការជូនដំណឹងរួចមកហើយក្តី ក៏ម្ចាស់ហាងមួយនេះមិនបាន ចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិធានការការអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ រយៈពេល១៤ថ្ងៃ ផ្អាកចរាចរណ៍តាមដងផ្លូវ និងសកម្មភាពអាជីវកម្មផ្សេងៗ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ៕


