ថ្មីទៀតហើយ! ដូររង្វាន់ ១២កំប៉ុង ហៅអ្នកស្គាល់គ្នាជាសន្តិសុខ ABA មកផឹកស៊ីជាមួយ ស្រាប់តែគាស់ត្រូវរង្វាន់ឡាន យកក្រវិលរត់គេចខ្លួនបាត់

0

ភ្នំពេញ៖ បុរសម្នាក់បានឲ្យប្រពន្ធ យកក្រវិលកំប៉ុងស្រាបៀ GANGBERG ដែលត្រូវរង្វាន់ចំនួន ១២កំប៉ុង ទៅដូរយកមកផឹកស៊ីជុំគ្នាជាមួយ ឈ្មោះ ស៊ឹម ស៊ន់ ជាសន្តិសុខឯកជនយាម នៅស្នាក់ការធនាគារ ABA ស្រាប់តែសន្តិសុខរូបនេះ គាស់ត្រូវរង្វាន់ឡាន រត់គេចខ្លួនមិនចែកម្ចាស់ ស្រាបៀរដែលហៅមកផឹក ។

បុរសដែលរងបណ្តឹងពី បទរំលោភលើទំនុកចិត្តមានឈ្មោះ ស៊ឹម ស៊ន់ អាយុ៣៨ឆ្នាំ ជាសន្តិសុខឯកជនយាមនៅស្នាក់ការធនាគារ ABA ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯដើមប ណ្តឹងឈ្មោះ ឌុល ដែន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមលោក ឌុល ដែន ដែលជាបានរៀបរាប់ថា កាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២៨ មិនា ២០២១កន្លងទៅ ខ្លួនបានប្រើភរិយា ឈ្មោះ ឈឹម ភា ឱ្យយកក្រវិលកំប៉ុងស្រាបៀ GANGBERG ដែលត្រូវរង្វាន់ចំនួន ១២កំប៉ុង ទៅដូរយកស្រាបៀដើម្បីយកមកហូប។ ហើយដោយយល់ថា ជាមនុស្សរាប់អាន និងធ្លាប់ផឹកស៊ីជាមួយគ្នាជារើយៗនោះ ក៏បានហៅឈ្មោះ ស៊ឹម ស៊ន់ មកផឹកជាមួយបានជាគ្នា ដោយមានគ្នាទាំងអស់ ៣នាក់ គឺខ្លួន និងប្រពន្ធ ព្រមទាំង ស៊ឹម ស៊ន់។ ភ្លាមនោះ ឈ្មោះ ស៊ឹម ស៊ន់ ក៏លើកស្រាបៀ ១កំប៉ុងមកគាស់ ហើយស្រែកថា ត្រូវរង្វាន់ធំហើយ រួចក៏បង្ហាញឱ្យមើលទាំងអស់គ្នា គឺត្រូវរង្វាន់រថយន្ត ហើយឈ្មោះ ស៊ឹម ស៊ន់ និយាយថា កុំមាត់ចាំគេចែកឱ្យ១ពាន់ ២ពាន់ដុល្លារ។ រំពេចនោះ ខ្លួនបាននិយាយថា ធ្វើអញ្ចឹងម៉េចកើត ខ្ញុំហៅបងឯងមកផឹក ហើយស្រាបៀរជារបស់ខ្ញុំ បើចែកត្រូវចែកគ្នាស្មើ ឬម្នាក់ ៤០% ម្នាក់ ៦០% ទើបយុត្តិធម៌។ ឮដូច្នោះ ឈ្មោះ ស៊ឹម ស៊ន់ ក៏កាន់កំប៉ុងស្រាបៀ និងក្រវិលកំប៉ុងដែលត្រូវរង្វាន់ ក្រោកឈរ រួចនិយាយថា ខ្ញុំទៅបើកទ្វារឱ្យមេសិន រួចក៏ប្រមូលសម្លៀកបំពាក់ឡើង ម៉ូតូឌុបយកក្រវិលកំប៉ុង ត្រូវរង្វាន់រថយន្តនោះរត់គេចបាត់ទៅ។ ទោះបីខ្លួនទូរសព្ទ័ហៅ យ៉ាងណាក៏មិនព្រមទទួល និងចូលខ្លួនមកនិយាយគ្នាដែរ ទើបនៅថ្ងៃទី៣០ មិនា ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាល រដ្ឋបាលសង្កាត់តាខ្មៅ និងប្តឹងទៅក្រុមហ៊ុនស្រាបៀ GANGBERG សុំឱ្យ ផ្អាកការបើករង្វាន់ជូនឈ្មោះ ស៊ឹម ស៊ន់ ដើម្បីធ្វើការដោះស្រាយគ្នាសិន ហើយក៏សូមផ្តាំទៅឈ្មោះ ស៊ឹម ស៊ន់ ប្រញាប់ចូលខ្លួនមកដោះស្រាយគ្នាឱ្យឆាប់ៗមក។

បើតាមស្ត្រីជាអាជីវករ ដែលជាអ្នកលក់ស្រាបៀ ឈ្មោះ ស្រីទូច បានអះអាងថា កាលពីព្រឹកថ្ងៃទី២៨ មិនា កន្លងទៅ ឈ្មោះ ឈឹម ភា ពិតជាបានយកក្រវិលស្រាបៀរចំនួន១២ មកបើករង្វាន់ស្រាបៀចំនួន ១២កំប៉ុងពីខ្លួនប្រាកដមែន ហើយក្រោយមកក៏លឺហ៊ោថាត្រូវរង្វាន់ លុះបន្តិចក្រោយមកក៏ឃើញឈ្មោះ ស៊ឹម ស៊ន់ ដើរចេញ ទើបផ្អើលថា ឈ្មោះ ស៊ឹម ស៊ន់ ។