ភ្នំពេញ៖ ដោយមានការបញ្ផាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការនគរបាលខេត្ត នឹងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង មន្រ្តីអនុវត្តច្បាប់ នៃផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ ០១ករណី នៅចំណុចក្បែរស្ពានទី២ ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់។
ជនសង្ស័យ ឈ្មោះ ផិត សាម៉នណយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ ទីលំនៅ ភូមិហាតសាឃូន ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ ដកហូតវត្ថុតាងសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន ០៣ដុំធំ (ប្រហែល៣គីឡូក្រាម)។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានមន្រ្តីអនុវត្តច្បាប់ នៃ ការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំ សំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី។


