ជិះម៉ូតូបុកគោដើរឆ្លងផ្លូវ ដួលខ្ទាតយាយ និងចៅចូលក្រោមឡានកិនស្លាប់ភ្លាមៗ ចំណែកតារបួសធ្ងន់

0

ភ្នំពេញ៖ ជិះម៉ូតូឌុបគ្នា ៣នាក់ បានបុកគោកំពុងដើរឆ្លងផ្លូវ ដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិពណ្ណរាយសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះគឺមានម៉ូតូ ១គ្រឿងម៉ាកវ៉េវគ្មានផ្លាកលេខ បើកបរដោយបុរសឈ្មោះ ឌុម ម៉ៅ អាយុ៤៧ឆ្នាំ រស់នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងអ្នករូមដំណើរ ២នាក់ បានបុកគោ ១ក្បាលកំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យដួលខ្ទាតមនុស្សពីរនាក់ ជិះខាងក្រោយចូលក្រោមរថយន្តធំកិនស្លាប់ ២នាក់និងរបួសធ្ងន់ម្នាក់ ។

ជនរងគ្រោះឈ្មោះ យីម នាន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងស្លាប់, ឈ្មោះ ភ្នួក ភ្នង អាយុ១៣ឆ្នាំ នៅភូមិជាមួយគ្នាស្លាប់ ត្រូវជាចៅរបស់សព។ ចំណែកឈ្មោះឌុងម៉ៅ អ្នកបើកម៉ូតូបានរងរបួសធ្ងន់។ ក្រោយពេលកើតហេតុរួចរថយន្ត បើកគេចខ្លួនបាត់ ជនរងគ្រោះត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ៕