ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយទៀត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ គឺអនុក្រឹត្យលេខ៥៧ អនក្រ.បក ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ បណ្តាវិធានការ ដែលមានចែងក្នុងអនុក្រឹត្យថ្មីនេះ មានវិធានការមួយ និយាយពីការចេញពីផ្ទះ។
យោងតាមអនុក្រឹត្យថ្មីនេះ បានបញ្ជាក់ថា មាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។
ករណីចាំបាច់ ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋាន មានដូចជា ទៅទិញរបស់បរិភោគ, ទៅមន្ទីរពេទ្យ, ទៅឱសថស្ថាន, ទៅបំពេញការងារ, ទៅប្រកបអាជីវកម្ម, ទៅធ្វើតេស្តរកវីរុសកូវីដ-១៩, ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ករណីចាំបាច់ផ្សេងទៀត ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋានដែរនោះ គឺ ទៅធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គល ក្នុងរង្វង់ភូមិសាស្រ្តឃុំ-សង្កាត់ ដែលខ្លួនរស់នៅ, ទៅជួបនគរបាលឬតុលាការ តាមការកោះហៅ, ចេញទៅដោយសារសមាជិកគ្រួសារ កំពុងមានជំងឺធ្ងន់ធ្ងរនិងសង្គ្រោះបន្ទាន់ ឬករណីសមាជិកគ្រួសារទទួលមរណភាព។
ប៉ុន្តែការអនុញ្ញាតឲ្យចេញពីលំនៅឋាន ដោយសារករណីចាំបាច់ ដូចបានរៀបរាប់ខាងលើនេះ ត្រូវបានកំណត់ម៉ោង ពោលគឺ មិនអាចធ្វើដំណើរបានគ្រប់២៤ម៉ោងដូចមុនឡើយ។ មាត្រា៨នៃអនុក្រឹត្យលេខ៥៧ អនក្រ.បកនេះ ចែងថា រាល់ការធ្វើដំណើរដែលត្រូវបានអនុញាត ក្នុងមាត្រា៤ មិនត្រូវធ្វើឡើងចន្លោះ «ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ» ឡើយ។
យ៉ាងណា មាត្រា៨នេះ នៅអនុញ្ញាតឲ្យធ្វើដំណើរ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ក្នុងករណីមួយចំនួន ដូចជា មានបញ្ហាសុខភាព ដែលត្រូវទៅមន្ទីរពេទ្យជាប្រញាប់, មានភាពចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ដឹកជញ្ជូនទំនិញ, ទៅបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ, ទៅកន្លែងការងារ ឬកន្លែងអាជីវកម្ម។ មាត្រា៨ដដែល ចែងទៀតថា ករណីផ្សេងទៀត ក៏អាចត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរក្នុងចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺដែរ បើមានការអនុញ្ញាតពីអាជ្ញាធរ។
មាត្រា៨ ចែងបន្តថា រាល់គ្រឹះស្ថានសាធារណៈ សហគ្រាសឯកជន ទីតាំងអាជីវកម្ម ត្រូវផ្អាកប្រតិបត្តិការ (បិទទ្វារ) ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ ប៉ុន្តែ ចំពោះគ្រឹះស្ថានរដ្ឋនិងឯកជន ដែលបម្រើសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និង ស្ថានីយ៍ប្រេងឥន្ទនៈ នៅអនុញ្ញាតឲ្យប្រតិបត្តិការ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ គ្រឹះស្ថានផ្តល់សេវាចាំបាច់ដទៃទៀត អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺដែរ តែត្រូវមានការអនុញ្ញាតពីអាជ្ញាធរ៕