ភ្នំពេញ៖ ខឹងបងស្រីស្តីបន្ទោសរឿង ដើរលេងបន្តិចបន្ទួច និងទះកំផ្លៀង ៣ដៃ ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ រត់ទៅចងក សម្លាប់ខ្លួន។ ករណីនេះត្រូវបានគេប្រទះឃើញសព កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ រឿន បញ្ញា អាយុ១២ឆ្នាំ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារ ក្មេងប្រុសរូបនេះខឹងបងស្រី ស្តីបន្ទោស ពីរឿងដើរលេងទាំយប់ ទាំងថ្ងៃ មិនខិតខំរៀនសូត្រ និងបានទះកំផ្លៀងចំនួន ៣ដៃ ទើបធ្វើឲ្យក្មេងប្រុសនោះខឹង យកខ្សែនីឡុងកាវ សម្រាប់ចងមងប្រវែងប្រហែលជិត ៣ម៉ែត្ររត់ទៅចងកជាមួយដើម អាកាស្យា កម្ពស់ប្រហែល ២ម៉ែត្រកន្លះ បណ្ដាលឲ្យស្លាប់តែម្ដង។ ដោយបាត់យូរ និងមានការសង្ស័យ បងប្អូនក៏បានដើរ តាមរកក៏ប្រទះឃើញ ក្មេងប្រុសនេះ បានចងក ស្លាប់បាត់ទៅហើយ។
ក្រោយពីឃើញបែបនេះ ក៏នាំគ្នាធ្វើការសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ តែគ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ រួចក៏ដឹកសពត្រឡប់មកផ្ទះ ។ នគរបាលប៉ុស្តិ៍បានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ក្មេងប្រុសរូបនេះ កន្លងមកតែងតែ គម្រាមក្រុមគ្រួសារ ពីចង់ចងក សម្លាប់ខ្លួនពេល គេខឹងម្តងៗ ។ សពត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យ តាមប្រពៃណី បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួច៕