ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿងបើកលឿនដូចហោះ ជ្រុលបុកអ្នកជិះម៉ូតូពីក្រោយ និងកិនស្ត្រីជាប្រពន្ធដាច់ខ្លួនខ្ទេចជា ២កំណាត់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម រីឯប្តីរងរបួសស្រាល ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៤ ត្រង់ភ្លើងស្តុប ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ន ភារិន អាយុ៣០ឆ្នាំ ជាកម្មកររោងចក្រហុងដា ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ធំ 1L-9853 លុះដល់កន្លែងកើតហេតុស្រាប់តែ រថយន្តបង្កប្រភេទក្រឡុកស៊ីម៉ងត៍ ពាក់ផ្លាកលេខ ភ្នំពេញ 5A-1034 បើកក្នុងល្បឿនលឿន បុកពីក្រោយម៉ូតូដួល ហើយកិនពីលើស្ត្រីរងគ្រោះបណ្តាលឲ្យ ដាច់ខ្លួនជាពីរកំណាត់។ ចំណែកប្តី រងរបួសស្រាល ។ ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ៕





