រន្ធត់ណាស់! មនុស្ស៤នាក់ បានស្លាប់ ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ នៅស្រុកភ្នំព្រឹក

0

ភ្នំពេញ៖ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយករណី បង្កឡើងដោយរថយន្តដឹកអង្ករ ០១គ្រឿង បានចុះពីលើភ្នំព្រឹក ដែលមានចំណោទ ហើយដាច់ប្រាំងក៏បានក្រឡាប់ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ០៣នាក់ទៀត  បាត់បង់ជីវិត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង  ២រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

លោក ផាន់ ស្រស់ នាយនគបាលប៉ុសិ៍រដ្ឋបាល ឃុំអូររំដួល បានឲ្យដឹងថា រថយន្តដឹកអង្ករ រងគ្រោះខាងលើ ម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0409 របស់ក្រុមហ៊ុន ដាក់ថាអក្សរ ខេ (k) បានបើកចុះពីលើភ្នំព្រឹក ដែលមានទិសដៅពីជើងទៅត្បូង ដោយផ្លូវ មាន ជំរេលរថយន្តនេះ បានចុះមកកាន់តែលឿនទៅៗ ហើយមកដល់ផ្លូវកោងក៏ដាច់ប្រាំង ក្រឡាប់តែម្តង ។ 

លោកបញ្ជាក់ថា រថយន្តខាងលើនេះ បានដឹកអង្ករមកពីខេត្តផ្សេង ដើម្បីយកមកបោះឲ្យម៉ូយ ក្នុងស្រុកភ្នំព្រឹក ហើយតាមការសន្និដ្ឋានតៃកុងឡានខាងលើ ទំនងជាមិនស្គាល់ភូមិសាស្រ្តនៅតំបន់នេះ ហើយដឹកអង្ករមកលើកទីមួយទៀត ទើបមិនបានប្រុងប្រយ័ត្ន។

លោកមេប៉ុស្តិ៍ បញ្ជាក់ថា ប្រហែលតៃកុងឡាន ពេលបើកចុះពីលើភ្នំមិនបានត្រៀមដាក់ប្រាំងទប់តាំងពីពេលចុះដំបូងមក ទើបចាប់ប្រាំងមិនជាប់ ហើយល្បឿន ឡានលឿនទៅលឿនទៅ ចាប់ប្រាំងមិនស៊ី បណ្តាលឲ្យគ្រោះថ្នាក់បែបនេះ។

លោកបញ្ជាក់ថា ទីតាំងដែលឡានក្រឡាប់នេះ សំណាងហើយមិនមានផ្ទះប្រជាពលរដ្ឋនៅក្បែរនោះដោយសារទីតាំងរងគ្រោះជាដីទំនេរមិនមានមនុស្សរស់នៅ ។

ជនរងគ្រោះដែលស្លាប់ទាំង ០៤នាក់ រួមមាន៖១.សួង សុជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃ្លាំង សាំង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ២.ឈ្មោះ ឧត្តម ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង ៣.ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ និង៤.ឈ្មោះ សីហា អាយុប្រហែល ២៥ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកសាកសព ដើម្បីទៅធ្វើបុណ្យតាមប្រពៃណី៕