ភ្នំពេញ ៖ នៅទីបំផុតបុរសឈ្មោះ វ៉ាន់ រចនា ដែលផ្សព្វផ្សាយព័ត៌មានមិនពិតថា “មានការបិទទីក្រុងភ្នំពេញ” ត្រូវបានកម្លាំងសមត្ថកិច្ចផែនសន្តិសុខ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅមកធ្វើការអប់រំហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា កម្លាំងសមត្ថកិច្ចផែនសន្តិសុខ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅជនសង្ស័យឈ្មោះ វ៉ាន់ រចនា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនី Tiktok ដែលមានឈ្មោះ Rachana BK ដោយបានបង្ហោះវីដេអូមានខ្លឹមសារជាសម្លេង “ ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងអោយចូលភ្នំពេញ……” ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូនែការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។
តាមពិតជាក់ស្តែង រហូតមកដល់ពេលនេះ មិនមានគោលការណ៍ណាមួយ ឲ្យមានការបិទច្រកចេញចូល រាជធានីភ្នំពេញនោះទេ ។ ក្រោយពីទទួលកំហុស ជាសាធារណ: ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យារួចមក សមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ៕