ភ្នំពេញ៖ សង្ឃក្លែងក្លាយមួយអង្គ ត្រូវកម្លាំងសមត្ថកិច្ច នៃអធិការនគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួន ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ខណៈដែលសង្ឃអង្គនេះ កំពុងនិមន្តបិណ្ឌបាត នៅតាមភូមិតែមួយ អង្គឯង ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង បានអះអាងថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍ពីឈ្មោះ ឈិន គឹមឆេង ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរ មន្ត្រីធម្មការ មានទីលំនៅ ភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងថា មានករណីបន្លំខ្លួនធ្វើជាសង្ឃ(ព្រះសង្ឃក្លែងក្លាយ) ទើបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកបានសុំគោលការទៅថ្នាក់ដឹកនាំ គឺលោកឧត្តមសេនីយ៍ទោ សាត គិមសាន ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពីលោក ព្រះរាជអជ្ញាលោក ប៊ុណ្ណារ៉ា ផងនោះ លោកក៏បានចាត់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះទៅកាន់ចំណុចផ្សារបឹងឈូក ក្នុងភូមិសាស្ត្រ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងដើម្បីពិនិត្យ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កួន ហ្វួន ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិនាងគ ឃុំនាងគ ស្រុកបន្ទាយមាស ខេត្តកំពត មកកាន់អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងការបន្លំខ្លួន ធ្វើជាសង្ឃ(ព្រះសង្ឃក្លែងក្លាយ) ។
ក្រោយពីបានសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបន្លំធ្វើជាសង្ឃពិតប្រាកដមែន ដោយខ្លួនទើបនឹងធ្វើដំណើរមកពីខេត្តកំពត ដោយក្នុងមួយថ្ងៃអាចរកលុយ បានចាប់ពី៤ទៅ៥ម៉ឺន រៀល ។
សម្ភារៈដែលដកហូតបានរួមមាន ៖ ស្បង់ជីវចំនួន០១ ថង់យាមចំនួន០១ ខ្សែក្រវ៉ាត់ព្រះសង្ឃចំនួន ០១និងបាតចំនួន០១ ដោយបច្ចុប្បន្នជនសង្ស័យ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ ៕