មេបក្សយុវជនកម្ពុជា ថាបិទរាជធានី ខេត្ត ក៏អត់បានផលអីដែរ ព្រោះឥឡូវនេះកូវីដ១៩ បានចរាចរទៅដល់ខេត្តមួយចំនួនហើយ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាមតិថា បិទខេត្តក៏វាអត់បានផលអីដែរ ព្រោះឥឡូវនេះកូវីដ១៩ បានចរាចរទៅដល់ខេត្តមួយចំនួនហើយ ផ្ទុយទៅវិញគឺមានតែវិធានការស្រាវជ្រាវ រកមុខសញ្ញាក៏ដូចជាបិទតំបន់ដែលមានកូវីដ១៩ ចរាចរនៅតំបន់នោះតែប៉ុណ្ណោះទើបល្អ ។

ផ្ដល់កិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន វាយោ កាលពីម្សិលមិញ មេបក្សយុវជនកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា «បិទខេត្តក៏វាអត់បានផលអីដែរ ឥឡូវនេះដោយសារតែមេរោគ កូវីដ១៩ បានចរាចរទៅដល់ខេត្តមួយចំនួនហើយ មានតែវិធានការស្រាវជ្រាវ រកមុខសញ្ញាក៏ដូចជាបិទតំបន់ ដែលមានកូវីដ១៩ ចរាចរនៅតំបន់នោះ។ អាហ្នឹងគឺយើងថ្លឹងថ្លែង សម្រួលដល់បងប្អូនដទៃទៀត ប្រកបមុខរបរបើសិនយើងបិទខេត្តទាំងអស់ យើងអត់ដឹងថាមេរោគនោះមានវិសាលភាព គ្របដណ្ដប់ទូទាំងខេត្តឬអត់» ។

លោកថ្លែងថា អ្វីដែល​គួរ​ធ្វើ​នៅពេលនេះ គឺ​បិទ​ការជួបជុំ​វិញ​ល្អ​ជាង ព្រោះថា​ការបន្ត​ឱ្យមាន​ការជួបជុំ វា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ដូច្នេះ​មានតែ​ការអនុវត្ត​ការដាក់​បម្រាម​ឱ្យបាន​ម៉ឺងម៉ាត់​កុំឱ្យ​មាន​ការជួបជុំ​ប៉ុណ្ណោះ ទើប​មិនមាន​ករណី​ឆ្លង​ធ្ងន់ធ្ងរ​។ ករណីនេះ លោក​ពេជ្រ ស្រស់ ឃើញ​ប៉ូលីស​បាន​ចុះទៅ​បំបែក​ការជួបជុំ​នៅតាម​ទីសាធារណៈ​ដែរ ការធ្វើ​បែបនេះ លោក​គាំទ្រ​និង​ស្នើឱ្យ​បិទ​ការជួបជុំ​តែម្ដង ដើម្បី​កុំឱ្យ​មាន​ករណី​ឆ្លង​តទៅទៀត និង​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ជាជាង​បិទ​ក្រុង​ទាំងមូល​ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៣៧៧នាក់ អ្នកជាសះស្បើយចំនួន ១១៧៦នាក់ អ្នកកំពុងព្យាបាលចំនួន ១១៨៦នាក់ និងអ្នកស្លាប់ចំនួន ១១ នាក់៕