ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា លទ្ធផលយកសំណាក់ទៅធ្វើតេស្តលើកទី១ បង្ហាញថាក្រុមគ្រួសារអ្នកលក់នំបញ្ចុក ក្នុងភូមិព្រះដាក់ទាំង ៨នាក់ ”អវិជ្ជមានកូវីដ១៩” ទាំងអស់ ។
លោកអភិបាលស្រុក បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៩ មីនានេះថា «ដំណឹងល្អ! ទើបទទួលព័ត៌មានថា លទ្ធផលធ្វើតេស្តលើសំណាករបស់ក្រុមគ្រួសារអ្នកលក់នំបញ្ចុក ក្នុងភូមិព្រះដាក់ទាំង ៨នាក់ ”អវិជ្ជមាន”ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តចត្តាឡីស័កពួកគាត់បន្តទៀត ហើយត្រូវយកសំណាក់ និងរង់ចាំលទ្ធផលជាលើកទី២ មួយទៀតទើបអាចធានាសុវត្ថិភាពបានទាំងស្រុង»។
ទន្ទឹមគ្នានោះលោកអភិបាលស្រុក ក៏អំពាវនាវឲ្យបងប្អូនអ្នកភូមិព្រះដាក់ បន្តប្រកាន់យកវិធានការសុវត្ថិភាព ”ពាក់ម៉ាស់-រក្សាគម្លាត” បន្តទៀត រហូតទាល់តែដល់លទ្ធផលចុងក្រោយ ។ លោកសង្ឃឹមថា អ្វីៗនឹងវិលទៅរកភាពប្រក្រតីវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ អាជ្ញាធរស្រុកបន្ទាយស្រី បានសម្រេចបិទតូបលក់នំបញ្ចុក ២កន្លែង នៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីមានអ្នកវិជ្ជមានកូវីដ១៩ ម្នាក់បានមកពិសារនំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងមក ៕