ភ្នំពេញ៖ ជនជាតិចិន ២នាក់ ទំនងស្រវឹងស្រាជោគជាំ បានបើករថយន្តស៊េរីទនើប ១គ្រឿង មកដល់ក្បែរផ្សាររាត្រី ក្នុងទីក្រុងកោះពេជ្រ ស្រាប់តែផ្ទុះអាវុធ ១គ្រាប់ ផ្អើលសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ ទាំងយប់ ។ ករណីនេះកើតឡើង កាលពីម៉ោង ៩៖១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដំបូងគេឃើញបុរស ២នាក់ជាជនជាតិចិន បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AN-1333 មកក្បែរផ្សាររាត្រី ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង ។ បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន ១គ្រាប់បង្កការភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋ និងសន្តិសុខដែលនៅក្បែរនោះ រាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះជួយអន្តរាគមន៍ភ្លាមៗ ។
ក្នុងនោះដែរជនបង្កជាជនជាតិចិន បានបន្តបើករថយន្តចុះឡើងក្នុងបរិវេនកោះពេជ្រ ហើយក៏ជ្រុលទៅបុកបារាស របស់សន្តិសុខបន្ថែមទៀតធ្វើឲ្យសន្តិសុខ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួន ជនបង្កជាជនចិនចំនួន ២នាក់ នាំយកមកអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី ។
ក្នុងករណីផ្ទុះអាវុធនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ៕





