ភ្នំពេញ៖ ព្រឹត្តិការណ៍ដែលគួរភ្ញាក់ផ្អើលមួយ ក្រោយការធ្វើតេស្ដលើកទី៣ រកឃើញបុរសម្នាក់ វិជ្ជមានកូវីដ១៩ ក្នុងចំណោមមនុស្ស ជាង៤០០នាក់ ដែលពាក់ព័ន្ធនៅក្នុងរោងការមួយ ដែលអន្ទិត កក្កដា សោភ័ណ្ឌ បានទៅចូលរួម នៅខេត្តតាកែវ កាលពីពេលថ្មីៗនេះ។
បើតាមការបញ្ជាក់ពីអាជ្ញាធរខេត្តតាកែវបានឲ្យដឹងថា ចុងភៅក្នុងពិធីមង្គលការដែលលោក កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅភូមិក្រាំងលាវ ឃុំរវាង ស្រុកសំរោងនោះ ត្រូវបានរកឃើញកើតជំងឺកូវីដ-១៩ ក្រោយការធ្វើតេស្ដលើកទី៣។
សមត្ថកិច្ចបន្ថែមថា អ្នកវិជ្ជមានជំងឺកូវីដ-១៩នេះ គឺពាក់ព័ន្ធជាមួយបុគ្គល កក្កដា សោភ័ណ្ឌ នៅក្នុងពិធីមង្គលការកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង។
ប្រភពដដែលបានអោយដឹងថា អ្នកជំងឺឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ។

បច្ចុប្បន្នអ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈអ្នកពាក់ព័ន្ធចំនួន០៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕
