ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកក្បាល ដោយសារភាគីទំនាស់ម្ខាងទៀតយក កាំបិតប៉័ងតោកាប់ប្រហារ ក្នុងទំនាស់ពាក្យសម្តី បន្ទាប់ពីផឹកស៊ីជាមួយគ្នា ហើយស្រវឹងស្រាល ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៤ នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ជឿន ចៀន ស្នាក់នៅភូមិ ឯកភាព ឃុំថ្មដា ស្រុកវាលវែង ថា កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១និង៤៥នាទី មានករណីហិង្សាដោយចេតនា (យកកាំបិតប៉័ងតោកាប់លើជនរងគ្រោះ) នៅភូមិ-ឃុំខាងលើបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល ស្រុកវាលវែងបានឲ្យដឹងថា ករណីហិង្សានេះបង្កឡើង ដោយជនសង្ស័យឈ្មោះ ជា សើយ ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ជឿន ចៀន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ជាងសំណង់ ស្នាក់នៅភូមិឃុំជាមួយគ្នា ចំនួន៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសម្រាក ព្យាបាលនៅពេទ្យឯកជន។ ចំណែកជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាប បានរត់គេចខ្លួន ។
លោកអធិការ ធាង ឡេង បានបន្តថា មូលហេតុបង្កឲ្យមានអំពើហិង្សានេះ បណ្តាលមកពីផឹកស៊ីស្រវឹងទំនាស់ពាក្យសម្ដីគ្នា ។
លោកអធិការបន្តថា ករណីនេះកម្លាំងសមត្ថកិច្ចនគរបាល កុំពុងស្រាវជ្រាវចាប់ជន សង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ៕