នោះ! សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអ្នកប្រឌិតព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធករណី បិទរាជធានីភ្នំពេញ

0

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មិនមានការបិទ ការចេញចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចការចែកចាយព័ត៌មានប្រឌិតនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។

ជាមួយគ្នានេះ លោកអភិបាល ក៏បានអះអាងទៀតថា កម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភព អ្នកប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីកុំឲ្យប្រជាពលរដ្ឋ យល់ច្រឡំនិងភិតភ័យ។

ការបំភឺភ្លាមៗរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ ពីមានការចែកចាយសំឡេង នៅលើបណ្ដាញសង្គមថា អាជ្ញាធរនឹងបិទការចេញចូលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈព័ត៌មាននេះ គឺជាព័ត៌មានមិនពិត ប្រឌិតឡើងដោយជនអគតិប៉ុណ្ណោះ។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ការចេញចូលរាជធានីភ្នំពេញ គឺនៅដូចធម្មតា មិនមានការបិទអ្វីនោះឡើយ។ ហើយអ្វីដែល បានចែកចាយនោះ គឺជាព័ត៌មានមិនពិត រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលការចែកចាយព័ត៌មាន មិនពិតនេះ។ ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ លើករណីនេះហើយ» ៕