ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ដែលបានបង្កភាពអនាធិបតេយ្យ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បង្ក្រាបឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី ក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះល្បាត ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ក្រុមក្មេងទំនើងចំនួន០២នាក់ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត និងដកហូតបានកាំបិត១ដើម ព្រមទាំងម៉ូតូ០១គ្រឿង យកមកសួរនាំនៅអធិការដ្ឋាន។
លោកអធិការស្តីទីបន្តថា ក្រោយពីបានសួរនាំក្មេងទាំង០២នាក់ កម្លាំងនគរបាលក្រុង បានឈានទៅដល់ ការឃាត់ខ្លួនបក្ខពួកប្រុស ស្រីចំនួន០៧នាក់ទៀត និងបានដកហូតបានកាំបិតកែច្នៃ១ដើម និងកាំបិតប៉័ងតោចំនួន១ដើម ព្រមទាំងម៉ូតូ០២គ្រឿង នៅចំណុចបន្ទប់ជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ បោន សីហា បានឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងឈ្មោះ ហយ រស់ បានសារភាពថា ក្រុមពួកខ្លួនមានរហ័សនាមថា ក្រុមសូឡូ ហើយក្រុមរបស់ខ្លួន ធ្លាប់បានធ្វើសកម្មភាព កាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដ៏ទៃ ច្រើនដងផងដែរ ឲ្យតែមើលមុខនិងជិៈម៉ូតូវ៉ាពួកគេ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ក្មេងទំនើងបាន០៩នាក់ បន្ទាប់ពីកម្លាំជំនាញបានស្រង់ចម្លើយទាំង០៩នាក់រួចមក នៅថ្ងៃទី២៧ ខែ មីនាឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបន្តឈានទៅដល់ការឃាត់ខ្លួនបានបក្ខពួកបានចំនួន០៣នាក់បន្ថែមទៀត និងបានដកហូតបានកាំបិតខ្វែវ ចំនួន១ដើម ព្រមទាំងម៉ូតូម៉ាកអ៊ិចស៊ិនទ័រ១គ្រឿងផងដែរ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់បន្ថែមទៀតថា៖ ចំពោះក្មេងស្រីចំនួន០២នាក់ ព្រះរាជ្ញអាជ្ញាបានអនុញ្ញាតឲ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយឲ្យនាំមកយកត្រឡប់ទៅផ្ទះវិញ នៅល្ងាចថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១ ។ ដោយឡែកចំពោះក្មេងទំនើងប្រុសៗចំនួន១០នាក់ និងវត្ថុតាងដាវ កាំបិត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅរសៀលថ្ងៃទី២៨ខែមីនា ឆ្នាំ២០២១ ៕