ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រុងប៉ៃ លិន កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ខ្នា ចាន់ណា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃ លិន មានប្រពន្ធឈ្មោះ ថាន ថុល អាយុ៣៣ ឆ្នាំមុខរបរកសិករ ពាក់ពន្ឋ័បទល្មើសហិង្សាក្នុងគ្រួសារ ដុតផ្ទះខ្លួនឯងឆេះ ខ្ទេច។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែមីនា កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងប៉ៃ លិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ១ ករណី ពីបទធ្វើធ្វ្យខូចខាតដោយចេតនា (ដុតផ្ទះ) និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំនុចខាងក្រោយវត្តអូរប្រើស ស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង.ខេត្តប៉ៃ លិន ដែលបណ្តាលឲ្យឆេះផ្ទះទាំងស្រុង និងខូចខាតសម្ភារ:អស់មួយចំនួនទៀតដូចជា៖ ផ្ទះ៥×៦ ធ្វើពីឈើប្រក់ស័ង្កសី១ ខ្នង,ម៉ូតូសេរីចាស់ចំនួន១ គ្រឿង,ម៉ាសុីនភ្លើងចំនួន១ គ្រឿងប្រាក់ចំនួន ១០០០ ដុល្លារអាមេរិរិ,នឹងរបស់របរក្នុងផ្ទះមានខោអាវ ចាន ឆ្នាំង តុ ទូ ជាដើម ។ ល ។
បើតាមការបំភ្លឺរបស់ឈ្មោះ ថាន ថុល ដែលជាប្រពន្ធជនសង្ស័យឲ្យដឹងថា នៅវេលាម៉ោង៩ យប់ថ្ងៃទី២៦ ខែមីនា ជនសង្ស័យបាននៅដេកផ្ទះម្នាក់ឯង ស្រាប់តែសុខៗក៏ងើបពីដេកដើរទៅរករឿងម្តាយក្មេក ដែលមានផ្ទះនៅជិតវត្តអូរប្រើសចំងាយប្រហែល១០០ ម៉ែត្រ ដោយជននោះបានជេរប្រមាថម្តាយក្មេក និងធាក់ទ្វារផ្ទះ ដែលទំនងខឹងប្រពន្ធមិននៅដេកជាមួយ ប៉ុន្តែពេលនោះមិនមានអ្នកណាតបតទេ ទើបជនញៀនថ្នាំ បានដើរត្រលប់ទៅផ្ទះវិញ ។
ស្រាប់តែម៉ោង១ នឹង១៥ នាទីយប់ឈានចូលថ្ងៃទី២៧ ខែមីនា ជនសង្ស័យ ក៏បានដុតផ្ទះខ្លួន ឯងបណ្តាលឲ្យឆេះម៉ត់ទាំងស្រុងតែម្តងទៅ ក្រោយពីដុតផ្ទះឆេះអស់ហើយនោះ ជនសង្ស័យមិនបានគេចខ្លួនទៅណាទេ ដោយយោងទៅលើបទល្មើសជាក់ស្តែង នឹងមានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្តកិច្ចនគរបាលក្រុងប៉ៃ លិន បានចុះទៅចាប់ជនសង្ស័យដាក់ខ្នោះ នាំយកទៅចាត់ការតាមផ្លូវច្បាប៕