ភ្នំពេញ៖ សូមបង្កើនការប្រុងប្រយ័ត្ន ខណៈឪពុកម្តាយមិននៅផ្ទះ ព្រោះរវល់ទៅធ្វើបុណ្យញាតិជិតខាង ក្មេងប្រុសស្រី ៣នាក់ បាននាំគ្នាទៅលេងទឹក ស្រាប់តែស្លាប់ទាំង ៣នាក់តែម្ដង ក្នុងស្ទឹងព្រែកត្នោត។ ហេតុការណ៍នេះ បានកើតឡើងនៅស្ទឹងព្រែកត្នោត ក្នុងភូមិអង្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោកាលពី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុកុមារ ៤នាក់ បានបបួលគ្នាទៅរកត្រី នៅក្នុងស្ទឹងព្រែកត្នោត។ ខណ:ក្មេងប្រុសម្នាក់បានលង់លិច ចូលក្នុងទឹកបាត់ក៏មានក្មេងប្រុសស្រីទាំង ២នាក់ទៀតបានលង់តាមក្រោយ ។ ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់ បានរត់មកប្រាប់អ្នកភូមិឱ្យទៅជួយ តែជាអកុសលក្មេងប្រុសស្រីទាំង ៣នាក់បានស្លាប់បាត់ទៅហើយ។
សពកុមាររងគ្រោះទាំង ៣នាក់មានឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ៨ឆ្នាំសិស្ស ។ ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ឆ្នាំសិស្ស, ឈ្មោះ លៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំសិស្ស កុមារទាំងបីស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោជាមួយគ្នា ៕


